ខេត្តកណ្តាល៖ សាលាខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តកណ្តាលដោយលោក ទៀវ សាវឿន ប្រធានពន្ធដារខេត្តកណ្តាលត្រូវចូលនិវត្តន៍ជំនួសដោយលោក នុត វុត្ថា អតិតប្រធានសាខាពន្ធដារខេត្តព្រះសុីហនុ។
ពិធីប្រកាសផ្ទេរភារកិច្ចនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោក គង វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារតំណាងដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានចូលរួមពីអភិបាលរងខេត្តមន្ត្រីមន្ទីរជុំវិញខេត្តកណ្តាលជាច្រើនរូប ។
បន្ទាប់ពីលោក ទៀវ សាវឿនប្រធានពន្ធដារចូលនិវត្តន៍បានធ្វើរបាយការណ៍បូកសរុបលទ្ធផល ការងាររបស់សាខាពន្ធដារខេត្តកណ្ដាលដែលសម្រេចបានកន្លងមកប្រកបដោយផ្លែផ្កាមានចំណុចខ្លាំងនិងចំណុចខ្សោយព្រមទាំងលើកទិសដៅសម្រាប់អនុវត្តន៍បន្តរួចមកលោក ហុឹម ប៊ុនធឿន ប្រធាននាយកដ្ឋានបុក្គលិកនិងរដ្ឋាបាល ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឡើងអានព្រះរាជ្យក្រឹត្តស្តីពីការដាក់មន្ត្រីរាជការ របស់ក្រសួង ស្ថាប័នឲ្យចូលនិវត្តន៍ ក្នុងឋាន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនិងអានប្រកាសផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តកណ្តាលថ្មីគឺលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ មកជាប្រធានសាខាពន្ធដាខេត្តកណ្តាល ជំនួសលោក ទាវ សាវឿន ដែលត្រូវចូលនិវត្តន៍ ។
ក្នុងវិធីប្រកាសនេះដែរលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាលថ្មី បានឡើងធ្វើការចាប់អារម្មណ៍ ខិតខំយកចិត្តទុកដាក់ អនុវត្តន៍អនុសាសន៍ណែនាំរបស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ របស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដារឲ្យអស់ពីកម្លាំងកាយចិត្ត និងទទួលខុសត្រូវខ្ពស់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធដារ ឆ្នាំ២០១៧ និងបណ្តាឆ្នាំខាងមុនបន្តបន្ទាប់ទៀតឲ្យសម្រេចបានគ្រប់ និងលើសការកំណត់ ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឲ្យបានល្អ ជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាព មន្ទីរជុំវិញ ដើម្បីប្រមូលពន្ធឲ្យបានល្អប្រសើរ និងពង្រឹងការងារអនុវត្តន៍ច្បាប់ វិន័យការងារ និងក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីពន្ធដារឲ្យបានល្អប្រសើរ។
ក្នុងវិធីប្រកាសផ្ទេរភារកិច្ចនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដារ តំណាងឲ្យលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានធ្វើការសំណេះសំណាល និងក្រើនរំលឹកក៏ដូចជាការលើកសរសើរប្រធានពន្ធដារចាស់ ដែលបានដឹកនាំគ្រប់គ្រងអង្គភាព មានកិច្ចសហការល្អ មន្ទីរជំនាញ ជុំវិញខេត្ត ក៏ដូចកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការប្រមូលពន្ធចូលរដ្ឋបានល្អប្រសើរ។ ជាមួយគ្នានេះផងដែរ លោកក៏បានដាស់ទៀន ក្រើនរំលឹកប្រធានពន្ធដារថ្មី ពង្រឹងការងារឲ្យបានល្អ កុំប្រកាន់បក្ខពួក ត្រូវមានការសាមគ្គីផ្ទៃក្នុង ឲ្យបានស្អិតរមួត និងសហការល្អ ជាមួយថ្នាក់ដឹកនាំ ខេត្ត ស្រុក ក្រុង ក៏ដូចជាមន្ទីរជំនាញខេត្តក្នុងការអុនវត្តន៍បទបញ្ជាផ្ទៃក្នុង ពិសេសការប្រមូលពន្ធ ឲ្យបានក្លាំងក្លា ។
លោកក៏បានសំណូមពរផងដែរឲ្យមានអត្ថចរិកស្លូតបូត អំណត់អត់ធ្មត់ ជាមួយប្រជាពលរដ្ឋ ដែលបានមកចូលរួមបង់ពន្ធ សូមកុំប្រកាន់ពេលវេលា ធ្វើយ៉ាងណាឲ្យប្រជាពលរគោរពស្រលាញ់ និងស្ម័គ្រចិត្ត៕ ស្អាងជ័យ
...