ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុដុតកម្លោចទឹកចិត្តមន្ត្រីក្រោមឱវាទ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមមន្ត្រីរាជការនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុកំពុងបាក់ទឹកចិត្តជាខ្លាំង ស្ទើរលែងចូលធ្វើការមួយរយៈចុងក្រោយនេះ ក៏ព្រោះតែលោកប្រធានមន្ទីរ នួន ប៉ុក ទាញខ្សែអែបអប ដែលជាមន្ត្រីសាមញ្ញធម្មតាថ្នាក់ស្រុកម្នាក់ឲ្យឡើងមកកាន់តួនាទីជាអនុប្រធានមន្ទីរ គ្រាដែលបុគ្គលម្នាក់នេះ ក៏មានឈ្មោះមិនសូវល្អប៉ុន្មានដែរនោះ ។ យ៉ាងណាក៏ដោយ វានៅតែជាបុព្វសិទ្ធិរបស់លោកប្រធានមន្ទីរក្នុងការតែងតាំងមន្ត្រីរបស់ខ្លួន ដែលប្រការនេះ ក្រុមមន្ត្រីនៅក្នុងមន្ទីរយល់ថា ទាល់តែថ្នាក់ដឹកនាំក្រសួង ទើបអាចចាត់ការវិធានការរបស់លោកប្រធានមន្ទីរបាន ។

ការតែងតាំងបុរសម្នាក់ឈ្មោះ សេង សុខណាក់ ជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ផ្លោះរំលងមន្ត្រីដែលមានសមត្ថភាពជាច្រើនៅក្នុងមន្ទីរនោះ ប្រៀបដូចជាការដុតឲ្យខ្លោចចំពោះទឹកចិត្តរបស់ក្រុមមន្ត្រី ដែលសកម្មនឹងការងារទាំងឡាយ ។ មនុស្សមានសមត្ថភាពជាច្រើននៅក្នុងមន្ទីរ ដែលអាចតែងតាំងជាអនុប្រធានមន្ទីរបាន ប៉ុន្តែលោក នួន ប៉ុក បែរជាមើលស្រាលទឹកចិត្ត សមត្ថភាព ការងាររបស់មន្ត្រីក្នុងមន្ទីរ បែរជាយកមន្ត្រីថ្នាក់ក្រោម មកតែងតាំងទៅវិញ ។ ប្រការនេះ ប្រៀបដូចជាការដុតបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការដុតបំផ្លាញសន្លឹកឆ្នោតតែម្តង ។

ក្រុមមន្ត្រីនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុនិយាយថា កំណែទម្រង់ជាច្រើនរបស់លោក នួន ប៉ុក គឺក្នុងដើម្បីផ្តាច់ឫសគល់អ្នកដែលមិនអែបអប ហើយបានប្រើវប្បធម៌ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ។ ហេតុដូច្នេះហើយបានជា បន្ទាប់ពីឡើងកាន់តំណែងភ្លាម លោក នួន ប៉ុក បានបង្កឲ្យមានបញ្ហាជាច្រើន ជាពិសេសតាមរយៈការដកដាក់មន្ត្រីនៅក្រោមឱវាទមន្ទីរ ។ ជាក់ស្តែងការតែងតាំងបុគ្គលសេង សុខណាក់ នៅពេលនេះ ប្រៀបដូចជាការដុតកម្ទេចសន្លឹកឆ្នោតគណបក្សកាន់អំណាចនៅក្នុងមន្ទីរនេះទាំងមូល ។ ដូច្នេះ លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា គួរមើលការងាររបស់លោក នួន ប៉ុក ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុផង ៕ ហេង សូរិយា

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print