ភ្នំពេញ៖ ព្រោះតែលង់ខ្លួននិងល្បែងសុីសងចាញ់អស់ពីខ្លួននៅកាសុីណូធ្វើឲ្យប្រធានការិយាល័យប្រតិបត្តិការ សាលា ស្តេម ហ្វត ម្នាក់ត្រូវជនរងគ្រោះចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរដោយចោទពីបទរំលោភលើទំនុកចិត្តយកលុយនិងខ្ចីម៉ូតូរបស់មិត្តភក្តីយកទៅបញ្ចាំសរុបទាំងលុយរបស់សាលា និងម៉ូតូបើគិតជាទឹកប្រាក់អស់ជាង២០០០ដុល្លារ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះធ្វើកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម៦ ក្នុងសាលា ស្តេម ហ្វត ផ្លូវ១៩២៨ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រធានការិយាល័យប្រតិបត្តិការ សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវ៩៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះទី១ឈ្មោះ ឡូ ដាគុន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជានាយប្រតិបត្តិការ សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៤ ភូមិឫស្សី សង្កត់ដងោ ខណ្ឌដង្កោ ទី២ឈ្មោះ លន់ បូរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ១១៤ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះ ផាត់ សំអន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសាលា ស្តេម ហ្វត ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពពីជនរងគ្រោះឈ្មោះ ឡូ ដាគុន្ធ ជានាយប្រតិបត្តិការ សាលា ស្តេម ហ្វត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២កន្លះ រូបគាត់បានឲ្យលុយទៅឈ្មោះ លី សុវណ្ណារិទ្ធ(ជនសង្ស័យ)ចំនួន៨៧៥ដុល្លារ យកទៅដាក់នៅធនាគាពេលនោះជនសង្ស័យក៏យកទៅបាត់លុះដល់ថ្ងៃទី២៥ខែឆ្នាំដដែល ម៉ោងប្រហែល៩យប់ជនសង្ស័យបានមកសាលាវិញហើយបានខ្ចីម៉ូតូរបស់មិត្តភក្តុិម្នាក់ឈ្មោះ លន់ បូរីរតនៈ ដែលមានម៉ាកZoomer X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GC-2465 ដោយប្រាប់ថា ទៅមើលម្តាយគេឈឺ ពេលនោះជនរងគ្រោះក៏ឲ្យហើយគេយកទៅបាត់ទៀត លុះដល់ម៉ោង១២និង៣០នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យបានមកសាលាម្តងទៀតហើយបានប្រាប់ម្ចាស់ម៉ូតូZoomer X ថាម៉ូតូឯងប្អូនខ្ចីជិះសិនហើយ។ ក្រោយមកគេក៏បានខ្ចីម៉ូតូ១គ្រឿងទៀតពីជនរងគ្រោះឈ្មោះ ផាត់ សំអន ដែលមានម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ1FC-8918 ដោយប្រាប់ថាខ្ចីជិះទៅរកប្អូនពេលនោះជនរងគ្រោះក៏ឲ្យហើយជនសង្ស័យក៏ជិះចេញទៅបាត់។ លុះដល់វេលាម៉ោង១៥និង០០នាទីជនសង្ស័យបានមកសាលា ហើយពេលនោះជនរងគ្រោះបាននាំគ្នាសួររកម៉ូតូ តែជនសង្ស័យបានឆ្លើយប្រាប់ថា រូបគេបានយកម៉ូតូទៅបញ្ចាំអស់ហើយៗលុយដែលជនរងគ្រោះឲ្យយកទៅដាក់នៅធនាគានោះក៏អស់ដែរ ព្រោះរូបគេបានទៅលេងល្បែងសុីសងនៅកាសុីណូចាញ់អស់ហើយ។ លុះដល់ម៉ោងកើតហេតុខាងលើទើបជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕ តុង សីហា