ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំកម្ម វិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បាននាំយកថវិកាដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកងយោធ ពលខេមរភូមិន្ទចំនួន៤០០.០០០. ០០០ រៀលប្រគល់ជូនសមាគមអតីតយុទ្ធជន សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះលទ្ធភាព និងចូលរួមគាំទ្រសកម្មភាពផ្សេងៗរបស់សមាគមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិ ការសមាគមអតីតយុទ្ធជនដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម និងក្រុមការងាររៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត ។
លោកនាយឧត្តមសេនីយ៍ គន់ គីម និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារសិល្បករ សិល្បការិនី សប្បុរសជន គ្រប់ផ្នែកដែល ពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋដែល បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាកង យោធពលខេមរភូមិន្ទនាពេលកន្លងទៅឱ្យទទួលបានជោគជ័យគួរជាទីមោទនៈហើយសកម្មភាពទាំងនេះគឺបានគាំទ្រដល់សមាគមអតីតយុទ្ធជនសំដៅចូលរួមលើកកម្ពស់ទាំងជីវភាព និងកិត្តិយសអតីតយុទ្ធជនដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមិនដែលបំភ្លេចចំពោះអតីតយុទ្ធជនដូចមតិខ្លះដែលបានលើកឡើងនោះទេ។ ពួកគេចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ប៉ុន្តែសកម្មភាពជាក់ស្តែងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់កម្រិតជីវភាពមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធអតីតយុទ្ធ ជនដែលបញ្ចប់ភារកិច្ចជាកងទ័ពតាមរយៈការឧបត្ថម្ភនូវគោលរបបការដំឡើងប្រាក់បៀវត្សការផ្តល់ដីសម្បទានសង្គមកិច្ចការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកនិងអត្ថ ប្រយោជន៍ ផ្សេងៗទៀត។ជាលទ្ធផលបង្ហាញឱ្យឃើញគឺ បច្ចុប្បន្នសមាគមបានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនដែលខ្វះលទ្ធភាពបាន ចំនួន៣៩៤ខ្នងនៅក្នុង២៥រាជធានី-ខេត្ត និងកំពុងសិក្សាលទ្ធភាពជាក់ស្តែងក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកផងដែរ ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែម ថា «យើងមិនអាចដោះស្រាយតម្រូវការ ជូនអ៊ំ ពូ មីង អតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនបាននិងកំពុងបង្កើតយន្តការនិងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជនយោធិនពិការជាបន្តបន្ទាប់សំដៅលើកកម្ពស់ទាំងជីវភាពនិងកិត្តិយស ។
គួររំលឹកថា ការប្រកួតកីឡាកងយោធ ពលខេមរភូមិន្ទគឺជាព្រឹត្តិការណ៍ថ្មីមួយដែលមានការប្រគំតន្រ្តីនៅពេលរាត្រីទាំង៣ថ្ងៃ ការប្រកួតកីឡាកងទ័ពនិងការតាំងពិព័រណ៍ កងទ័ព និងពិព័រណ៍ពាណិជ្ជកម្មត្រូវបានរៀបចំក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅនៅមជ្ឈ មណ្ឌលកោះពេជ្រក្នុងគោលបំណង៤ សំខាន់ៗគឺ រំលឹកខួបទិវាជាតិ៧មករា ១៩៧៩ -៧មករា២០១៧ ប្រមូលថវិកាគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនដើម្បីរំលឹកគុណដល់អតីតយុទ្ធជនកម្ពុជាដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិមាតុ ភូមិ។ លើសពីនេះកីឡាយោធានេះគឺចង់ធ្វើឱ្យប្រជាជនយល់និងផ្តល់តម្លៃនៃការចូលរួមរបស់កងទ័ពនៅក្នុងការថែរក្សាសុខ សន្តិភាពនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនឹង ប្រជាជន៕ សារីម