ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈបានសម្រេចបញ្ឈប់រាល់សកម្ម ភាពសិល្បៈទាំងអស់របស់តារាសិចស៊ីដេនី ក្វាន់ ព្រោះតែភាពសិចស៊ីរបស់នាងបានធ្វើឲ្យជះផលអវិជ្ជមានដល់សិល្បៈ។ ការ បញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ មួយរបស់មន្ត្រីក្រសួងកាលពីថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៧ ប៉ុន្តែគេមិនឃើញវត្ត មានតារាស្រីរូបនេះទេ។
គេចាំបានថា តារាសម្តែង ដេនី ក្វាន់ បាន ធ្វើឲ្យមានការរិះគន់ខ្លាំងៗក្រោយពីនាង និយមបង្ហាញរូបភាព និងវីដេអូបែបសិចស៊ី លេចលើលេចក្រោមជាច្រើនលើកច្រើនសា។ ទោះបីជាមានការណែនាំពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈយ៉ាងណាក៏ដោយក៏តារាស្រីរូបនេះហាក់មិនព្រមបន្ថយភាព សិចស៊ីនោះទេ។ ជម្រើសចុងក្រោយរបស់មន្ត្រីក្រសួងគឺសម្រេចឲ្យផ្អាករាល់សកម្មភាពសិល្បៈរបស់នាងទាំងស្រុងរយៈពេលមួយឆ្នាំ ។
ទីប្រឹក្សាក្រសួងវប្បធម៌ និងជាអនុប្រធាន លេខាធិការក្រុមប្រឹក្សាវិន័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ចម្រើន វ៉ាន់ដា បាន មានប្រសាសន៍ថា ដោយកន្លងមកក្រសួង បានផ្ដល់ឱកាសដល់ ដេនី ក្វាន់ និងបានណែនាំនាងជារឿយៗក្នុងគោលបំណងកែប្រែឥរិយាបថក្នុងការស្លៀកពាក់របស់នាងឲ្យសមជាសិល្បការិនីកម្ពុជា។ ប៉ុន្តែនាងមិន ដែលធ្វើតាមនិងគោរពតាមពាក្យណែនាំនោះទេគឺមានតែផ្គើននិងស្លៀកពាក់កាន់តែសិចស៊ីលើសដើមដែលជាបញ្ហាក្ដៅមួយ ដែលក្រសួងមិនអាចលើកលែងបានឡើយ។
លោក ចម្រើន វ៉ាន់ដា បានបន្តថា ពេលនេះក្រុមប្រឹក្សាបានវាយតម្លៃសម្រេចថា បញ្ឈប់រាល់សកម្មភាពសិល្បៈគ្រប់ទម្រង់ទាំងអស់របស់ ដេនី ក្វាន់ រយៈពេល១២ខែ ដោយគ្មានការលើកលែងអ្វីទាំងអស់។ លោកលើកឡើងដែរថា មាន៤ចំណុច សំខាន់ៗដែលស្ថាប័នពាក់ព័ន្ធទាំងអស់គួរដឹងពីបញ្ហារបស់ ដេនី ក្វាន់គឺ ទី១-ក្រុម ប្រឹក្សាសម្រេចដាក់ពិន័យ ដេនី ក្វាន់ ១ឆ្នាំទាក់ទងនឹងគ្រប់សកម្មភាពសិល្បៈទាំង អស់, ទី២-គ្រប់សមាគមសិល្បៈទាំងអស់ត្រូវមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់មកក្រសួងពីសមាជិករបស់ខ្លួនដើម្បីជៀស វាងករណីដូច ដេនី ក្វាន់, ទី៣-ក្រុមប្រឹក្សា វិន័យសំណូមពរគ្រប់ផលិតកម្មទាំងអស់ ពេលជ្រើសរើសតារាសម្ដែងគួរជ្រើសរើសតាមសមាគមសិល្បៈនីមួយៗដែលមានស្រាប់ ព្រោះមានការគ្រប់គ្រងច្បាស់លាស់, ទី៤-ក្រុមប្រឹក្សាវិន័យសំណូមពរដល់ស្ថាប័ន ពាក់ព័ន្ធសូមគោរពតាមសេចក្ដីប្រកាសពាក់ ព័ន្ធនឹងតារាសម្ដែង ដេនី ក្វាន់ ជាពិសេស សំណូមពរដល់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈកុំផ្ដល់ទិដ្ឋាការក្នុងការថតផ្សព្វផ្សាយ គ្រប់ទម្រង់សិល្បៈដែលទាក់ទងនឹងតារាស៊ីចស៊ីខាងលើនេះដែរ ។
ការចេញសេចក្តីសម្រេចនេះនឹងក្លាយជាគំរូមួយសម្រាប់សិល្បករសិល្បការិនីធ្វើជាបទពិសោធន៍ និងជាមេរៀនសម្រាប់ តារាស្រីដែលនិយមបញ្ចេញភាពសិចស៊ីជាជាងការបង្ហាញទេពកោសល្យសិល្បៈនោះ ៕ វឌ្ឍនា