ខេត្តសៀមរាប៖ ក្រុមក្មេងស្ទាវ២ក្រុម បានជិះម៉ូតូ ដេញកាប់គ្នា ផ្អើល សមត្ថកិច្ច និង ប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី ទាំងយប់ ក្រុមម្ខាងមានគ្នា១៥នាក់ និងម្ខាងទៀតមានគ្នា ៦នាក់ អ្នកឈ្នះរត់បាត់ អ្នកចាញ់ត្រូវរបួសធ្ងន់ម្នាក់ រួចបញ្ជូនទៅពេទ្យដល់ពាក់កណ្តាលផ្លូវ ក៏ស្លាប់។
ហេតុការណ៍ដេញកាប់គ្នាផ្អើលពេញស្រុកបន្ទាយស្រីនោះបានកើតឡើង កាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ថា មានករណីឃាតកម្មបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល១៥នាក់ បានជិះម៉ូតូយកដាវសាំម៉ូរៃ ដេញកាប់ ទៅលើជនរងគ្រោះមានគ្នា ៦ នាក់ជិះម៉ូតូ៣គ្រឿង យ៉ាងអនាធិបតេយ្យពេញបណ្តោយផ្លូវលេខ៦៧ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ហៃ ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរទាហានកងពលធំលេខ២ ស្នាក់នៅក្នុងបន្ទាយ។
បច្ចុប្បន្ន សាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញ ប្រគល់ ឱ្យ ក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ។ ចំណែក ជនដៃដល់ ទាំង១៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បន្ទាយស្រី ចុះស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ ចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី