ភ្នំពេញ ៖លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបន្ទាយមានជ័យ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី នាព្រឹកថ្ងៃទី២៧ ខែមេសា នេះ ដើម្បីសាកសួរពីដំណើររឿង “ផ្តល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ” របស់លោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដែលត្រូវតុលាការកោះហៅក្នុងនាមជាជនសង្ស័យ នាព្រឹកថ្ងៃទី២ ខែឧសភា ខាងមុខ ។
រហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីលោក ឡុង រី ថាចូលឬមិនចូលបំភ្លឺនោះទេ តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ករណីលោក ឡុង រី ចូលបំភ្លឺ ឬមិនចូលបំភ្លឺ គឺគណបក្សសង្រ្គោះជាតិផ្តល់សិទ្ធិផ្តាច់មុខឲ្យសាម៉ីខ្លួនជាអ្នកសម្រេច និងដើម្បីពិភាក្សាជាមួយមេធាវី ។
ពាក់ព័ន្ធករណីនេះ លោកគឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ ថ្លែងថា តុលាការអាចកោះហៅតំណាងរាស្ត្របាន ហើយបើមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើសជាក់ស្តែង «បទបដិសេធក្នុងការចូលខ្លួន»!។
លោក បន្ថែមថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនអោយមានការកោះហៅ តំណាងរាស្ត្រពីស្ថាប័នតុលាការនោះទេ។
ជនណាក៏ដោយដែលមិនបានចូលខ្លួនតាមកាលបរិច្ឆេទកោះហៅរបស់ស្ថាប័នតុលាការក្នុងនាមជាសាក្សី នោះជាអំពើល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា!
ហេតុនេះតំណាងរាស្ត្រដែលមិនចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅរបស់ស្ថាប័នតុលាការ នោះ មានន័យថាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោកសង្កត់ធ្ងន់ថា អភ័យឯកសិទ្ធិសភាមិនអាចការពារតំណាងរាស្ត្រពីការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ។
ជាមួយគ្នានេះ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការកោះអញ្ជើញក្នុងនាមជាសាក្សី នាព្រឹកថ្ងៃទី២៨ ខែមេសា ផងដែរ ក្នុងសំណុំរឿងដដែលនេះ ។
មជ្ឈដ្ឋានមួយចំនួន នៅចាំបានថា លោក កឹម សុខា កាលនៅជាអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសបដិសេធក្នុងការចូលខ្លួន នេះ ព្រោះខកខានមិនបានចូលបំភ្លឺក្នុងនាមជាសាក្សី ពាក់ព័ន្ធករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ តែទោសនេះត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស តាមសំណើរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ ដោយ៖ចេស្តា