ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិកំពុងដេកលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ខ្លះភ័យព្រលឹងចុងសក់ និងចេញមកមើលដោយ មានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនទីខូ មួយគ្រឿង បើកធ្លាក់ផ្លូវចូលស្រះទឹកដោយ សំណាងល្អគ្មានប៉ះពាល់ ឬរងរបួសលើអ្នកដទៃ សង្ស័យថា អ្នកបើកបរងងុយដេក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ តាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា៖ រថយន្តកុងតឺន័រខាងលើ ដែលធ្លាក់ស្រែខាងលើជារបស់ក្រុមហ៊ុន ទីខូ ពាក់ស្លាកលេខ ភ្នំពេញ 3D 0418 ធ្វើដំណើរពីទិសខាងលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកងងុយដេកស្រាប់តែរេចង្កូចមកខាងឆ្វេងដៃធ្លាក់ចូលទៅក្នុងស្រះលាន់សូរក្ឌាំងតែម្តង។
អ្នកភូមិបានឲ្យដឹងថា រថយន្តកុងតឺន័រខាងលើនេះ មានមនុស្សជិះគ្នា២នាក់ (គឺអ្នកបើកបរនិងព្រូ)ដោយមិនស្គាល់អត្តសញ្ញាណនោះទេ ។ គ្រោះថ្នាក់នេះ មិនបង្កឲ្យរបួស ឬប៉ះពាល់ដល់មនុស្ស ឬទ្រព្យសម្បត្តិសាធារណៈនោះទេ គ្រាន់តែខូចខាតរថយន្តបន្តិចបន្តួចប៉ុណ្ណោះ ។
លុះដល់ព្រឹកឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបឃើញមានរថយន្តកុងតឺន័រមួយគ្រឿងទៀត មកអូសសណ្តោងចេញពីកន្លែងកើតហេតុ មិនរំខាន់ដល់សមត្ថកិច្ច ៕ យឹម សុថាន