បុគ្គលិកបន្លំលួចលុយលក់ប្រេងអស់ជាច្រើនលានរៀល ទើបបែកធ្លាយដឹងដល់ម្ចាស់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជាបុគ្គលិកនៅក្នុងដេប៉ូប្រេងមួយកន្លែង នៅស្រុកមុខកំពូល ត្រូវបានម្ចាស់ដេប៉ូប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួន កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចដេប៉ូប្រេងសេងរស្មី ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះបន្លំលួចលុយថ្លៃលក់ប្រេង និងលក់ហ្គាស់អស់ជាច្រើនលានរៀល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាន តេម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកដេប៉ូលក់ប្រេងខាងលើនេះ មានទីលំនៅក្នុងភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកឯជនរងគ្រោះជាម្ចាស់ដេប៉ូឈ្មោះ សេង រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាបុគ្គលិកនៅក្នុងដេប៉ូលក់ប្រេងសេង រស្មី អស់រយ់ពែលជាច្រើនឆ្នាំមកហើយ ក្រោយមកនៅអំឡុងឆ្នាំ២០១៥ជនសង្ស័យរូបនេះបានលាឈប់ពីការងារត្រឡប់ទៅលំនៅឋានវិញ។ លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យរូបនេះបានវិញត្រឡប់មកសុំធ្វើការងារនៅក្នុងដេប៉ូលក់ប្រេង របស់ជនរងគ្រោះវិញ ។ ដោយនឹកឃើញថាជនសង្ស័យធ្លាប់ជាបុគ្គលិករបស់ខ្លួន ជនរងគ្រោះក៏យកព្រមទទួលយកជនសង្ស័យមកធ្វើការងារវិញ ថែមទាំងប្រគល់ការងារគ្រប់គ្រងលុយនៅក្នុងដេប៉ូឲ្យទៅជនសង្ស័យទៀតផង ។

ប្រភពដដែលបានបន្តទៀតថា ចាប់តាំងពីបានគ្រប់គ្រងលុយនៅក្នុងដេប៉ូរួចមក ជនសង្ស័យតែងតែបន្លំលួចលុយជាបន្តបន្ទាប់ដោយមិនឲ្យជនរងគ្រោះដឹងនោះទេ លុះមកដល់ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានកិបកេងលុយថ្លៃលក់ហ្គាសចំនួន២ធុង ទើបដឹងដល់ជនរងគ្រោះជាម្ចាស់ដេប៉ូ ។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងប្តឹងចូលសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកមុខកំពូលជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានកិបកេងលួចលុយថ្លៃលក់ហ្គាស់ចំនួន២ធុងរបស់ជនរងគ្រោះប្រាកដមែន លុយនោះមានចំនួន៨៦៨០០រៀល ។ ជនសង្ស័យបានបញ្ជាក់ថា ក្រៅពីកិបកេងលួចលុយថ្លៃលក់ហ្គាស់ កន្លងមករូបគេធ្លាប់លួចកែវិក័យប័ត្រលួចលុយលក់ប្រេង របស់ជនរងគ្រោះជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារបានលុយសរុបទាំងអស់ចំនួន៣.៨៧៥.២០០រៀល ៕ ស្អាងជ័យ

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print