កណ្តាល៖ នារីវ័យជំទង់ម្នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីដើររអិលជើងធ្លាក់ចូលទៅក្នុងទឹកព្រែក ខណៈដែលជនរងគ្រោះដើរបម្រុងចុះងូតទឹកជាមួយមិត្តភ័ក្រម្នាក់ទៀត កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចចុងព្រែកអាង ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឈាង ណាលីន អាយុ១៦ ឆ្នំា ជនជាតិខ្មែរ មុខរបរជាកសិករ ជាកូនកំព្រាឪពុក មានម្តាយឈ្មោះ ចែម សុខន អាយុ៥៥ឆ្នាំ មានកូនស្រី២នាក់ នារីរងគ្រោះជាកូនពៅ បច្ចុប្បន្នរស់នៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុនារីរងគ្រោះបានបបួលមិត្តភ័ក្រឈ្មោះលក រតនា ភេទស្រី អាយុ១៦ឆ្នំានឹងម្នាក់ទៀតឈ្មោះ សេង ស្រីរត័្ន ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនោក្នុងភូមិ-ឃុំជាមួយគ្នា ជិះម៉ូតូឌុបគ្នាទៅងូតទឹកលេងនៅចំណុចចុងព្រែកអាង ។ ពេលទៅដល់នារីរងគ្រោះ និងក្មេងស្រីឈ្មោះ លក រតនា បានរៀបចំចុះងូតទឹក រីឯឈ្មោះ សេង ស្រីរត្ន័ មិនចុះងូតទឹកនោះទេ ។
ប្រភពដដែលបានបន្តទៀតថា ខណៈដើរបម្រុងចុះទៅងូតទឹកនារីរងគ្រោះនិងមិត្តភ័ក្របានរអិតជើងធ្លាក់ចូលទៅក្នុងទឹកព្រែកទាំងកំរោល បណ្តាលឲ្យនារីរងគ្រោះលង់ទឹកលិចខ្លួនបាត់ទៅ រីឯមិត្តភ័ក្រដែលធ្លាក់ទៅជាមួយចេះហែលទឹកបានហែលឡើងមកលើគោកស្រែកឲ្យអ្នកបើកទូកជួយជនរងគ្រោះដែរ តែជាអកុសលពេលស្រង់ជនរងគ្រោះយកទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំ នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយមកក្រុមគ្រួសារបានយកសាកសពជនរងគ្រោះ ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយ៖ ស្អាងជ័យ