ខេត្ដបន្ទាយមានជ័យ៖ អគ្គស្នងការ រងនគរបាលជាតិ និងជាមេបញ្ជាការ នគរបាលទទួលទិសភូមិភាគ៤ និងភូមិ ភាគ៥ លោកនាយឧត្ដមសេនីយ៍ ខេង សុមេធ បានចេញបទបញ្ជាឱ្យលោកស្នង ការនគរបាលខេត្ដបាត់ដំបងឧត្ដមសេនីយ៍ ត្រី ស ថេត សហការជាមួយលោកព្រះ រាជអាជ្ញាត្រូវស្វែងរកចាប់ឃាត់ខ្លួនស្ដ្រីទំនើងម្នាក់ដែលបើករថយន្ដពេលស្រវឹងស្រាបង្កគ្រោះថ្នាក់ចរាចរណ៍ហើយជេរ ប្រមាថនគរបាលពេលកំពុងអនុវត្ដ ច្បាប់ ។ ទោះបីស្ដ្រីរូបនោះរត់គេចខ្លួន ចូលទៅប្រទេសថៃក៏ដោយក៏មិនអាចឱ្យគេចផុតពីសំណាញ់ច្បាប់បានឡើយ ។
ការចេញបទបញ្ជាឱ្យស្វែងរកចាប់ ខ្លួនស្ដ្រីដែលគេស្គាល់ឈ្មោះ សូ ដាម៉ុន អាយុ៤១ឆ្នាំ ប្រកបមុខរបរបើកសម្អាង ការនៅស្រុកសំពៅលូន ខេត្ដបាត់ដំបង នេះនៅគ្រាដែលមានសេចក្ដីរាយការណ៍ឱ្យដឹងថា ស្ដ្រីរូបនោះក្រោយពីបង្កហេតុ បានរត់គេចខ្លួនចូលទៅប្រទេសថៃដោយមិនចូលខ្លួនដោះស្រាយនៅកន្លែងសមត្ថកិច្ចនោះឡើយ ។
ការចេញបទបញ្ជាឱ្យស្វែងរកចាប់ ខ្លួនស្ដ្រីឈ្មោះ សូ ដាម៉ុន ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនេះនៅក្នុងឱកាសដែលលោកចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ចនិងបំពាក់ឋានន្ដរស័ក្ដិនជូនដល់នគរបាលនៃស្នងការដ្ឋាននគរបាល ខេត្ដបន្ទាយមានជ័យសរុប២៦២នាក់ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្ដបន្ទាយមាន ជ័យ ។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី ស ថេត ស្នងការ នគរបាលខេត្ដបាត់ដំបង និងលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បាត់ដំបងផងដែរ ។
គួររំលឹកថា កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ដ្រីម្នាក់ដែលគេស្គាល់ឈ្មោះ សូ ដាម៉ុន បើករថយន្ដទំនើបម៉ាកអូឌី១គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AG-7576 ក្នុងស្ថានភាពស្រវឹងបានបង្កគ្រោះថ្នាក់ ទៅលើស្ដ្រីម្នាក់កំពុងជិះកង់បណ្ដាលឱ្យ រងរបួសធ្ងន់នៅលើផ្លូវជាតិលេខ៥៩B ស្ថិតនៅចំណុចត្រាវជូរ ក្នុងភូមិអូរចំណិត ឃុំតាស្ដា ស្រុកសំពៅលូន ។ នៅពេល កើតហេតុគេឃើញនគរបាលម្នាក់បាន ទៅសួរនាំ ហើយក៏ត្រូវបានស្ដ្រីឈ្មោះ សូ ដាម៉ុន ជេរប្រមាថមកលើនគរបាលរូប នោះជាអ្នកអនុវត្ដច្បាប់និងកំពុងតែ បំពេញភារកិច្ចយ៉ាងចាស់ដៃបង្កឱ្យមានការភ្ញាក់ផ្អើល ។
ស្ដ្រីរូបនោះក្រោយពីបង្កហេតុក៏មានការអន្ដរាគមន៍និងបានបើករថយន្ដបង្កយកមកលាក់ទុកនៅផ្ទះរបស់ខ្លួនដែល បើកសម្អាងការស្ថិតនៅភូមិត្រញំង ព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ។ ចំណែកស្ដ្រីឈ្មោះ សូ ដាម៉ុន បានគេច ខ្លួនដោយអះអាងថា ទៅព្យាបាលមុខ របួសនៅប្រទេសថៃ ។ លុះនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៥ ។ ពេលនោះ លោកព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ដបាត់ដំបងនិងលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងកណ្ដាលព្រហ្មទណ្ឌ ខេត្ដបាត់ដំបងក៏បានដឹកនាំកម្លាំងចុះទៅគាស់ទ្វារផ្ទះហើយស្ទូចយករថយន្ដម៉ាកអូឌីមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ បាត់ដំបងដើម្បីរក្សាទុកចាត់ការតាម ផ្លូវច្បាប់ ។
បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នគរបាលខេត្ដបាត់ដំបងដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណី ស្នង ការរងកណ្ដាលព្រហ្មទណ្ឌបានធ្វើដំណើរ ទៅកាន់ប្រទេសថៃដើម្បីទំនាក់ទំនងសមត្ថ កិច្ចថៃដើម្បីសហការតាមចាប់ឃាត់ខ្លួន ស្ដ្រីឈ្មោះ សូដាម៉ុន នោះហើយ ។
ស្ដ្រីខាងលើបើសមត្ថកិច្ចស្វែងរកចាប់ ឃាត់ខ្លួនហើយរកឃើញថាមានកំហុស ត្រូវគេនិយាយថាអាចប្រឈមនឹងការ ចោទប្រកាន់២ចំណុច ទី១-ការបើកបរ មានផ្ទុកជាតិអាកុលលើសកម្រិតពិន័យជាទឹកប្រាក់ពី៨០ម៉ឺនរៀលទៅ៤លាន រៀលផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែក្នុងមាត្រា៧៧នៃច្បាប់ចរាចរណ៍ផ្លូវគោក ។ ទី២-ពីបទជេរប្រមាថទៅលើ សមត្ថកិច្ចកំពុងអនុវត្ដច្បាប់បង្កឱ្យប៉ះ ពាល់កិត្ដិយសបុគ្គលនិងស្ថាប័ននគរ បាលជាតិប្រឈមនឹងច្បាប់ព្រហ្មទណ្ឌ ទៀតផង ៕
ដោយ៖ វិច្ឆិកា