ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សហព័ន្ធកីឡាតេក្វាន់ដូ ITF បានផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំដោយបានធ្វើវិសោធនកម្មលើបទបញ្ញាត្តិដែលបានចែងក្នុងលក្ខន្តិកៈរបស់សហព័ន្ធ និងបានបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់ដឹកនាំដោយដាក់បន្ថែមនូវសមាសភាពគណៈកម្មាធិការប្រតិបត្តិសរុប១៩នាក់ ។
សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF នាពេល នេះ គឺលោក កែវ រ៉េមី ប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF អាស៊ានបានជាប់ឆ្នោត ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ថ្មី ដោយជំនួសកន្លែងលោក អ៊ុក រី អតីត ប្រធានសហព័ន្ធកីឡាតេក្វាន់ដូចាស់ដែលត្រូវស្នើសុំឲ្យឡើងទៅជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ នេះជាមហាសន្និបាតមួយដែលមានការរុះរើក្បាលម៉ាស៊ីនដឹកនាំដ៏ធំតែម្ដង ។
ជាមួយគ្នានោះដែរមហាសន្និបាត ក៏ បានតែងតាំងអនុប្រធានចំនួន៦នាក់ គឺលោកអៀង អូននី, លោកជេត ជាលី, លោកលឹម រតនៈ, លោកឈួន ចាន់ថន, លោកផាន់ វណ្ណារ័ត្ន និង លោកវេជ្ជបណ្ឌិត សុខ ប៊ុនថា ដោយឡែក លោកប៊ួន ហ៊ីងសុធី យ៉ានៅបន្តតំណែងជាអគ្គលេខាធិការ សហព័ន្ធដដែល។ អគ្គលេខាធិការរងដែលមានចំនួន៤រូបគឺលោកវេជ្ជបណ្ឌិតហ៊ឹម រីដា, លោកអ៊ូ រតនា, លោកសឹម សានត្រាន និងលោកកៅ មករា រីឯលោកប៉ាល់ ជីវ័ន្ត ជាអគ្គហិរញ្ញិក ។
លោក កែវ រ៉េមី ប្រធាន សហព័ន្ធកីឡា តេក្វាន់ដូ ITF ថ្មី បានបញ្ជាក់ថា ការជំនួស តំណែង លោក អ៊ុក រី ដោយ សារតែលោក អ៊ុក រី មានការមមាញឹកនឹងកិច្ចការងារ មេធាវី ។ ចំពោះរូបលោក ដែលជាប្រធានថ្មី ប្តេជ្ញាបន្តដឹកនាំកិច្ចការងារសហព័ន្ធក្នុង អាណត្តិទី៤ដើម្បីឆ្ពោះរកភាពរីកចម្រើន និងឧត្តមភាពនៅលើឆាកអន្តរជាតិ ពិសេស ព្រឹត្តិការណ៍កីឡាសីុហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំលើកទី១របស់ខ្លួន៕ សារីម