ក្រុមហង្សក្រហម Liverpool បានពង្រឹងទីតាំងរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ៣នៃក្របខ័ណ្ឌ Premier League តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើ ក្រុម Watford កាលពីថ្ងៃចន្ទ ដែលរកគ្រាប់ បាល់ដោយខ្សែបម្រើ Emre Can បានស៊ុតបាល់បកថយក្រោយបញ្ចូលទីយ៉ាងល្អ ។
គ្រាប់បាល់បញ្ចូលទីជាលើកទី៥នៃរដូវកាលនេះរបស់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ រូបនេះបានជួយឲ្យក្រុម Liverpool នាំ មុខ៣ពិន្ទុពីលើក្រុមឈរលេខ៤ Man City បើទោះបីបានលេងការប្រកួតច្រើនជាង មួយប្រកួតក៏ដោយស្របពេលជ័យជម្នះនេះក៏បានជួយឲ្យក្រុមរបស់លោក Jurgen Klopp ខិតកាន់តែកៀកក្នុងការឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League ផងដែរ។
អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sportsថា «ពិតណាស់ គ្រាប់បាល់នេះពិត ជាអស្ចារ្យ។ វាច្បាស់ណាស់ថាយើងត្រូវ តែធ្វើការហើយនោះគឺជាអ្វីដែលយើងបានធ្វើ។ វាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមទាំងអស់ក្នុងការឈ្នះនៅទីនេះ។ យើង ត្រូវការសំណាងខ្លះ ប៉ុន្តែយើងបានធ្វើការយ៉ាងលំបាកដើម្បីដណ្តើមយកជ័យជម្នះនោះ ។
នេះជាការដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្រៅដីជាលើកទី៣ជាប់ៗគ្នា របស់ក្រុម Liverpool ហើយជ័យជម្នះនេះ បានធ្វើឲ្យពួកគេវិលទៅរកភាពល្អប្រសើរឡើងវិញក្រោយពីការចាញ់ក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល២-១ក្រោមស្នាដៃក្រុមCrystal Palace បានធ្វើឲ្យកំណត់ត្រាឈ្នះជាប់ៗ គ្នារបស់ពួកគេបញ្ចប់ត្រឹម៧ប្រកួត ។
ក្រោយពីគូប្រជែងសម្រាប់ចំណាត់ថ្នាក់ កំពូលទាំង៤ដែលរួមមាន Manchester City, Manchester United និង Arsenal សុទ្ធ សឹងបានបាត់បង់ពិន្ទុកាលពីថ្ងៃអាទិត្យ ហើយក្រុម Liverpool បានដណ្តើមយកការ មានប្រៀបនោះ តាមរយៈគ្រាប់បាល់បញ្ចូល ទីយ៉ាងល្អរបស់Can នៅជិតបញ្ចប់តង់ទី១៕ ដេវីត