ភ្នំពេញ៖ កីឡាករប្រដាល់សកល៤រូប និងគ្រូបង្វឹក១រូបត្រូវបានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនទៅហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសបន្ថែមទៀតនៅប្រទេសកាសហ្សាស្ថានជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧លើកទី២៩នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បានឲ្យ ដឹងថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានធ្វើលិខិតទៅកាន់សហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ ដើម្បីស្នើមើសុំបញ្ជូចូន កីឡាករ៤រូប និងគ្រូបង្វឹក១រូបទៅចូលរួមហ្វឹកហាត់បង្កើនសមត្ថភាពនិងបច្ចេកទេសបន្ថែមទៀតនៅប្រទេស កាហ្សាស្ថានគឺស្នើសុំចំណាយការហូបចុក និងស្នាក់នៅ ។ ចំណែកឯសំបុត្រយន្តហោះវិញខាងសហព័ន្ធបានស្នើសុំតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការបញ្ជូនកីឡាករនិងគ្រូបង្វឹកនេះគឺដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ។
លោកអគ្គលេខាធិការបានបន្តថា ក្នុង ការបញ្ជូនទៅហ្វឹកហាត់នៅប្រទេសកាហ្សាស្ថានត្រូវហ្វឹកហាត់នៅសាលាកីឡាកម្រិត ពិភពលោកដែលមានឈ្មោះថា “AIBA WORLD BOXING ACADEMY” ដែលតាមគម្រោងត្រូវបញ្ជូនទៅនៅដើមខែ ឧសភានេះ ប៉ុន្តែមានការយឺតយ៉ាវហើយ នឹងបញ្ជូនទៅនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧នេះវិញ។ សម្រាប់កាលបរិច្ឆេទត្រឡប់មកវិញគឺប្រហែលជាអំឡុងដើមខែសីហា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា កីឡាករ៤រូបដែល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រូវបញ្ជូនទៅហ្វឹកហាត់រួមមាន កីឡាករ ណាត់ សៀកនិន, កីឡាករ សួន សម័យ, កីឡាករ វី សុភ័ស្ស និងកីឡាករ សន ប៊ុនលីស ព្រមទំាងគ្រូបង្វឹកលោក វ៉ែន សុផល៕ សារីម