កីឡាវាយកូនបាល់កម្ពុជារំពឹងដណ្តើមបានមេដាយ២គ្រឿងពីស៊ីហ្គេមនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថៃ្ងទី១ ខែ ឧសភា ឆ្នាំ២០១៧ គ្រូជម្រើសជាតិកីឡា វាយកូនបាល់កម្ពុជាលោក ជា ពៅ បាន ថ្លែង ប្រាប់ឱ្យដឹងក្រោយពេលហ្វឹកហាត់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៧ខាងមុខ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារំពឹងថា កីឡាករកីឡាការិនីអាចមានសមត្ថភាពគ្រប់គ្រាន់ដណ្តើមយកមេដាយមកជូនជាតិវិញយ៉ាងហោចណាស់ក៏២គ្រឿងដែរ ។

ការអះអាងរបស់លោក ជា ពៅ បែប នេះ បន្ទាប់ពីកីឡាករកីឡាការិនីរបស់លោកទទួលបានការបណ្តុះបណ្តាលពីគ្រូបច្ចេកទេសផ្នែកកម្លាំងលំដាប់ពិភពលោកមកពីប្រទេសបារាំងដែលសហព័ន្ធជួលមក បណ្តុះបណ្តាល ពេញ១សប្តាហ៍ ។

គ្រូបង្គោលរូបនេះបានអះអាងទៀតថា ជាការពិតការបណ្តុះបណ្តាលផ្នែកកម្លាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ។ ជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ដាវីសខាប់ នៅប្រទេសប៉ារ៉ែនកាលពីកន្លងទៅនេះ បានធ្វើឲ្យកីឡាករជម្រើសជាតិកម្ពុជាឆ្លងផុតវគ្គជម្រុះក្រុមទី៤ឡើង ទៅកាន់ក្រុមទី៣ នាឆ្នាំក្រោយនេះក៏ដោយសារតែក្រុមជម្រើសជាតិទទួលបានការបណ្តុះបណ្តាលផ្នែក ការប្រើប្រាស់កម្លាំងពីគ្រូសញ្ជាតិបារាំង កូនខ្មែរ-វៀតណាមមុនពេលចេញទៅ ប្រកួតនោះដែរ ។ ការបណ្តុះបណ្តាល កម្លាំងនេះគឺធ្វើឲ្យកីឡាករយើងចេះប្រើ ប្រាស់កម្លាំងនៅពេលប្រកួតចេះគ្រប់គ្រងអារម្មណ៍មិនឲ្យខឹងក្រោធអំឡុងពេល ប្រកួត ។

លោកបន្ថែមទៀតថា ចាប់តាំងពីកីឡាករកីឡាការិនីកម្ពុជាទទួលបានការបណ្តុះ បណ្តាលវគ្គនេះមក លោកសង្កេតឃើញថា សមត្ថភាពកីឡាករកីឡាការិនីយើងពិតជាមានសមត្ថភាពកើនឡើងជាងមុនប្រាកដ មែន។ លោកជឿជាក់ថា ស៊ីហ្គេមឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីនេះកម្ពុជានឹងធ្វើបានល្អជាងស៊ីហ្គេមឆ្នាំ២០១៥នៅប្រទេសសិង្ហបុរី ។

លោក លុយ សាន គ្រូផ្នែកកម្លាំងលំដាប់ពិភពលោកមកពីប្រទេសបារាំងបាននិយាយថា លោកមកកាន់កម្ពុជាក្នុងគោលបំណងតែមួយគត់ គឺធ្វើការបណ្តុះបណ្តាលឲ្យ កីឡាករកីឡាការិនីវាយកូនបាល់កម្ពុជា មានសមត្ថភាពខ្លាំង ដើម្បីប្រជែងជាមួយប្រទេសនៅលើពិភពលោក។ បច្ចុប្បន្ន លោកមានវ័យ៥០ឆ្នាំលោកមានសញ្ជាតិបារាំងឪពុកជាជនជាតិខ្មែរនិងម្តាយជាជនជាតិវៀតណាម ។

គ្រូបច្ចេកទេសផ្នែកកម្លាំងលំដាប់ពិភពលោករូបនេះបានបន្ថែមថា ពិតណាស់ កីឡាករកីឡាការិនីចាំបាច់បំផុតគឺត្រូវចេះ ប្រើប្រាស់កម្លាំង ព្រោះជំនាញមួយនេះ គឺបានជួយច្រើនណាស់នៅក្នុងអំឡុងពេលប្រកួតដោយសារជំនាញនេះធ្វើឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនចេះចាញ់ច្រាបគូប្រកួតពិសេសជួយជំរុញលើកទឹកចិត្តខ្លួនឯងផ្តោតអារម្មណ៍តែលើការប្រកួតតែមួយគត់។ លោកសង្ឃឹមថា ការបណ្តុះ បណ្តាលមួយរយៈខ្លីរបស់គាត់នៅកម្ពុជានេះ និងជំរុញឲ្យសមត្ថភាពកីឡាករវាយកូនបាល់កម្ពុជា អភិវឌ្ឍសមត្ថភាពកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា កីឡាករកីឡាការិនីកម្ពុជាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានត្រៀមបញ្ជូនទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខនេះមានចំនួន៦រូប ក្នុងនោះមាន កីឡាករ ប៊ុន កេន្នី កីឡាករ ឡុង សំនៀង កីឡាករ ម៉ុម ផល្គុនកីឡាករ អោ សារិត កីឡាការិនី តារ៉ាវី និងកីឡាការិនី ស៊ុំ ចាន់ដា ៕ សារីម

...

sarim (4) sarim (2) sarim (5) sarim (7) sarim (3) sarim (1) sarim (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print