ខេត្តកណ្តាល ៖ ម្សៅក្រាមពណ៌សថ្លាមេតំហ្វេមីនប្រភេទម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់តូច ដាវ០២ និងឧបករណ៏វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮដកហូតបានពីជនសង្ស័យពីរនាក់ ខណៈកំពុងធ្វើ សកម្មភាព ។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង១០និង១៥នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិម្លូម៉ីន ឃុំផ្សារដែក ស្រុកពញា ឭ ខេត្តកណ្តាល ។ ជនសង្ស័យ ទី១-ឈ្មោះ ក្រិតសុភ័ក្រ ហៅបឿក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកើតហេតុ ត្រូវឃាត់ខ្លួន និង ២-ឈ្មោះ អ៊ួន ពីន ភេទប្រុស អាយុ១៨ឆ្នាំ ភូមិម្លូម៉ីន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល រត់គេចខ្លួនបាត់ ។
គួរបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានថា មាន ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចខាងលើនេះ ។ បន្ទាប់មកកម្លាំងបានចុះទៅបង្ក្រាប និងឆែកឆេរឃាត់បានសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ រួមនិងវត្ថុតាងមួយចំនួនដូចខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តសាកសួរចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ