ក្រោយពេលអុីស្រាអែលបើកការវាយប្រហារទៅលើឃ្លាំងអាវុធដែលអុីស្រាអែលចាត់ទុកថាជាឃ្លាំងអាវុធរបស់អុីរ៉ង់ ទុកឲ្យ ក្រុម ហេប៊ូឡាស ប្រឆាំងនឹងអីុស្រាអែល ។ ពេលនេះអីុរ៉ង់និងស៊ីរីនៅតែបន្តសហការគ្នា លើផ្នែកយោធាដដែល ។
មេបញ្ជាការ នៃប្រទេសអ៊ីរ៉ង់និងស៊ីរី កាលពីថ្ងៃចន្ទទី១ ខែឧសភា បានប្រកាស ថាជំរុញ ឲ្យមានកិច្ចសហប្រតិបត្តិការ យោធា ជាមួយគ្នាដើម្បីប្រឈមមុខទៅ នឹងការគំរាមកំហែង នានាដែលកំពុងតែ កើតមានឡើង ។
គួរបញ្ជាក់ថា ការប្រកាសរវាង មេបញ្ជាការយោធា២រូប របស់អុីរ៉ង់និងស៊ីរីនេះ ត្រូវបានធ្វើឡើង ក្រោយពេលកើតមានការវាយប្រហារដោយគ្រាប់មីស៊ីល ជាច្រើន គ្រាប់ពី សំណាក់អុីស្រាអែល និងសហរដ អាមេរិក មកលើប្រទេសស៊ីរី កាលពីពេល ថ្មីៗនេះ ។
គួររំលឹកដែរថា អាមេរិកបាន បាញ់ មីស៊ីលប្រភេទ Tomahawk ចំនួន ៥៩គ្រាប់ សំដៅទ័ពអាកាស Shayrat ភាគកណ្តាលស៊ីរី កាលពីថ្ងៃទី៧ខែមេសា កន្លងមក។ ដោយឡែកស៊ីរី ក៏បានអះអាង ដែរថាអុីស្រាអែល បានធ្វើការបាញ់ប្រហារ សំដៅមកលើទីតាំងយោធា ក្បែរអាកាស យានដ្ឋាន ទីក្រុងដាម៉ាស់ផងដែរ កាលពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។
សូមបញ្ជាក់ផងដែរថាតាមការអះអាង របស់ក្រុមហេសប៊ូឡាស ការវាយប្រហារតាមផ្លូវអាកាសរបស់អុីស្រាអែល គឺសំដៅ ទៅលើឃ្លាំងស្តុកប្រេង និងអាវុធ នៅក្នុង មូលដ្ឋានទ័ពស៊ីរី ដែលស្ថិតនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់។ ក៏ប៉ុន្តែ ក្រុមហេសប៊ូឡាសមិនបានបញ្ជាក់ឲ្យដឹងទេថា តើ ឃ្លាំងស្តុកអាវុធដែលរងការវាយប្រហារនេះ ជាឃ្លាំងរបស់ពួកគេ ឬក៏ជាឃ្លាំងរបស់ កងទ័ពស៊ីរី។
សូមបញ្ជាក់ទៀតថា ក្រុមហេសប៊ូឡាស គឺជាចលនានយោបាយ និងប្រដាប់អាវុធ អ៊ិស្លាមនៅលីបង់ តែជាសម្ពន្ធមិត្តរបស់របបដឹកនាំរបស់លោកបាសាអាល់ អាសាដ និង អុីរ៉ង់ ហើយបច្ចុប្បន្ននេះ ក្រុមប្រដាប់អាវុធហេសប៊ូឡាសកំពុងតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីជួយកងទ័ពលោក អាសាដ ក្នុងសង្រ្គាមទល់នឹងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច។
ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើងមក អុីស្រាអែលធ្លាប់បានបើកការវាយ ប្រហារតាមផ្លូវអាកាសជាច្រើនលើក រួច មកហើយ ទៅលើទីតាំងមួយចំនួន នៅក្នុង ទឹកដីស៊ីរី ដោយអុីស្រាអែលអះអាងថា ជាការវាយប្រហារសំដៅរារាំងកុំឲ្យក្រុមហេសប៊ូឡាសនាំយកអាវុធពី អុីរ៉ង់ឆ្លងកាត់ ប្រទេសស៊ីរី ចូលទៅក្នុងទឹកដីលីបង់ ដើម្បីទុកវាយប្រហារលើអុីស្រាអែល។ អុីស្រាអែល និងលីបង់ ដែលបានផ្ទុះសង្រ្គាម នឹងគ្នា កាលពីឆ្នាំ២០០៦ ហើយដែលរហូត មកទល់នឹងពេលនេះ កំពុងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ដោយសារតែភាគីទាំងពីរមិនទាន់ចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅឡើយ។
ទាក់ទងនឹងការផ្ទុះនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់ នៅព្រឹកព្រលឹមថ្ងៃ ព្រហស្បតិ៍កន្លងមកនេះ រដ្ឋាភិបាលអុីស្រាអែលមិនបានធ្វើការបញ្ជាក់ថាជាស្នាដៃរបស់ខ្លួន នោះទេ ក៏ប៉ុន្តែ ប្រមុខចារកិច្ចអុីស្រាអែលបានលើកឡើងថា ការវាយប្រហារទៅលើទីតាំងហេសប៊ូឡាសក្នុងទឹកដីស៊ីរី ដូចជានៅមូលដ្ឋានទ័ពក្បែរក្រុងដាម៉ាស់នេះជាដើម គឺស្របទៅនឹងនយោបាយរបស់អុីស្រាអែល៕
ប្រែសម្រួល៖ ម៉ែវ សាធី