ខេត្តកណ្តល ៖ កាលពីវេលាម៉ោង៤ និង៤៥នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ42.43 មានករណីរថយន្តបុកគ្នាជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នាបណ្ដាលអោយស្លាប់អ្នកបើកម៉ូតូម្នាក់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតនៅភូមិព្រែកត្រែង2 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះយឿន ចាន់ថា ភេទប្រុស អាយុ34ឆ្នាំ នៅភូមិ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង (ស្លាប់នៅនិងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូសេ125 ពណ័ខ្នៅ ស្លាកលេខភ្នំពេញ1FK5412 ទិសដៅអ្នកលឿងភ្នំពេញ។
មុនពេលកើតហេតុ មានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3- 0354 ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង ។ លុះ បើកមកដល់ចំណុចកើតហេតុ ត្រូវម៉ូតូរបស់ជន រងគ្រោះបើកក្នុងល្បឿនលឿន ស្របពេលនោះមេឃកំពុងធ្លាក់ភ្លៀង ក៏ជ្រុល មកបុករថយន្តចំចំហៀងទ្វារខាងឆ្វេង មុខកង់រថយន្ត បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តគេចពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែរថយន្ត ។
មន្រ្តីជំនាញនគរបាលចរាចរណ៍បានចុះមកកន្លែងកើតហេតុធ្វើការពិនិត្យ និងវាស់វែងតាមនីតិវិធី ។ ចំណែកសពនឹងស្រាវជ្រាវ រកក្រុមក្រួសារ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយទាំងពីរគ្រឿងយកមកកាន់អធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី ។
ចំពោះករណីនេះ មន្រ្តីនគរបាលជំនាញចរាចរណ៍បានសន្និដ្ឋានថា បណ្ដាលមកពីជនរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿន មិនប្រកាន់គន្លងផ្លូវ ទើបជ្រុលមកបុករថយន្តបណ្ដាលអោយស្លាប់ ៕ ស្អាងជ័យ