ខេត្តត្បូងឃ្មុំ ៖ មុខសញ្ញាសង្ស័យចាស់ ឈ្មោះ ឆន ចាន់ថន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ មេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលធ្លាប់ចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ។ ប៉ុន្តែ ដោយមានការធានាអះអាងពីប្រុសស្នេហ៍ឈ្មោះ វាសនា រចនា ហៅ ដូង ភេទប្រុស អាយុ២៤ឆ្នាំ បញ្ជាក់ថាមិន មានពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន ទើបសមត្ថកិច្ចយើងដោះលែងឲ្យមានសេរីភាពវិញ ។
យ៉ាងណាមុខសញ្ញាសង្ស័យខាងលើនេះ ជំនាញបានដាក់ការសង្ស័យតាមដានយ៉ាងយកចិត្តទុកដាក់ ទើបនៅថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះឃាត់មុខ សញ្ញាសង្ស័យ ឈ្មោះ ឆន ចាន់ថន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ជាក់ស្តែង ។
ជនសង្ស័យត្រូវបានកម្លាំងចុះឃាត់ខ្លួននៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។ ក្នុងការចុះឃាត់ខ្លួនសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យស្រីម្នាក់ទៀតឈ្មោះ ធឹង ខេង អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ ។
ជាលទ្ធផលកម្លាំងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន , ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង សម្រាប់ថ្លឹង និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យស្រីទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងបន្តកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធី ៕ វណ្ណះ