ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានឡើងចងកនៅនឹងដើមអំពិលស្លាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ក់ ទួន អាយុ៦០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះបានយកខ្សែគោពណ៌ស ចងកជាប់នឹងដើមអំពិលកម្ពស់៦ម៉ែត្រ នៅក្នុងចំការចេក ខាងជើងឈៀងខាងកើត ចំងាយ៦០ម៉ែត្រពីផ្ទះរបស់ខ្លួន។
បើតាមកូនជនរងគ្រោះបាននិយាយនៅកន្លែងកើតហេតុថា ឪពុករបស់ខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃច្រើនឆ្នាំមកហើយ។ នៅមុនពេលកើតហេតុឪពុកបានពោពាក្យថា «កុំឲ្យប្រពន្ធកូនខ្ពើមអាចម៍នោមអញយូរពេក ពុកងាប់ឲ្យឆាប់ៗទៅ។ លុះព្រឹកថ្ងៃខាងលើបាត់ឪពុកក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញឪពុកចងកស្លាប់នៅលើដើមអំពិលទឹកក្នុងចំការតែម្តង។
បើផ្អែកតាមការអះអាងពីកូនជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានថា ការដែលជនរងគ្រោះចងកសម្លាប់ខ្លួនដោយសារតែជនរងគ្រោះធុញទ្រាន់និងជំងឺរ៉ាំរ៉ៃ និងមិនចង់ឲ្យប្រពន្ធកូនពិបាកមើលថែលើកអាចម៍នោមនោះផង។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាយសំរូតទម្លាក់ប្រគល់ឲ្យប្រពន្ធកូនចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេនា ស័ក្តិ