ភ្នំពេញ៖ ជនសង្ស័យជំនាញខាងគាស់បន្ទប់ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចខណៈកំពុងធ្វើសកម្មភាពគាស់សោបន្ទប់ជួលគេមួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃត្រង់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះម៉ៅ ទូច អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិសេរីភ័ណ្ឌ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់បន្ទប់ឈ្មោះដួង ពុទ្ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិចំការឪឡឹក សង្កាត់កាកាប មានស្រុកកំណើតនៅភូមិកោះខ្លូត ឃុំកោះខ្លូត ស្រុកកំពង់ត្រាច ខេត្តកំពត និងមានប្រពន្ធឈ្មោះគៀន សុកេត អាយុ២៣ឆ្នាំ មុខរបររោងចក្រ ស្រុកកំណើតនៅ ភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ។
តាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅរោងចក្រ ពេលនោះប្រពន្ធបានសួរថា មានបានចាក់សោបន្ទប់អត់ ជនរងគ្រោះបានឆ្លើយថា ចាក់ត្រឹមត្រូវ ប្រពន្ធក៏ប្រាប់វិញថា ឃើញបន្ទប់បើកចំហរទ្វារ ពេលឮដូច្នេះជនរងគ្រោះបានប្រាប់ប្រពន្ធថា ចាក់សោរបងផ្ទះ រួចជនរងគ្រោះបានសុំខាងរោងចក្រមកមើលបន្ទប់ ពេលនោះក៏ឃើញមនុស្សប្រុសម្នាក់(ជនសង្ស័យ) ឈរនៅលើកាំជណ្តើរ ទើបជនរងគ្រោះសួរនាំ ភ្លាមនោះជនសង្ស័យបានរត់លោតផ្លោះរបង ជនរងគ្រោះបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះដេញចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបតែម្តង។ សម្ភារដែលបាត់បង និងខូចខាតដកហូតបាននាឡិកា៣គ្រឿងមកវិញ ខូតខាតមេសោរ សូឡិច១។ សម្ភារដែលបន្សល់ទុកទួឡឺវីស១ ដែកតូចឆ្មា២ សម្រាប់ឆ្គឹះសោបន្ទប់ (ជារបស់ជនសង្ស័យ)។
បច្ចុប្បន្មជនសង្ស័យរួមនិងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែកជំនាញដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ
...