សន្តិសុខកាស៊ីណូ​កោះ​រកា​ថ្មី​ចាប់​អ្នកលេងល្បែងជនជាតិវៀតណាមឃុំឃាំង​ទុកជំនួស​សមត្ថកិច្ច​មូលដ្ឋាន​

ចែករំលែក៖

ខេត្តព្រៃវែង៖ ជារឿងរាល់ថ្ងៃគេឃើញសកម្មភាពជនអន្តោប្រវេសន៍វៀតណាម ចូលមកលេងល្បែងក្នុងកាស៊ីណូកោះរកាថ្មីនៅចំណុចជិតច្រកអន្តរជាតិកោះរកា ស្ថិតនៅក្នុងឃុំកោះរកាស្រុកពាមជរ ខេត្តព្រៃវែងយ៉ាងគ្រឹកគ្រេងរហូតដល់ថ្នាក់សន្តិសុខកាស៊ីណូមួយនេះហ៊ានឃាត់អ្នកលេងល្បែងជាច្រើនដងដោយមិនឲ្យមត្ថកិច្ចមូលដ្ឋានដឹងឡើយ។

ប្រភពច្បាស់ការមួយបានបានឲ្យដឹងថា ជនជាតិវៀតណាមដែលមកលេងល្បែងក្នុងកាស៊ីណូមួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រវេសន៍ទាំងអស់ដោយលួចចូលតាមផ្លូវវាងត្រជៀកច្រករបស់ខ្មែរ និងវាងពីសមត្ថកិច្ចវៀតណាម ហើយពុំដែលមានក្រដាសស្នាម ឬសមត្ថកិច្ចខ្មែរត្រួតពិនិត្យនោះឡើយ ។

ប្រភពបានឲ្យដឹងទៀតថា កាស៊ីណូកោះរកាថ្មីនេះ អត់មានស្លាកយីហោ ឈ្មោះអីទេ រីឯសំណង់រឹងមាំក៏គ្មាន គឺពុំត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសឡើយ។ តែអាចបើកលេងល្បែងបានយ៉ាងត្រជាក់ចិត្តមិនតែប៉ុណ្ណោះ បានប្រើអំណាចឲ្យសន្តិសុខឃាត់មនុស្សដែលមកលេងល្បែងជាបន្តបន្ទាប់ ដោយពុំមានបទបញ្ជាពីព្រះរាជអាជ្ញា ឬសមត្ថកិច្ចមូលដ្ឋានឡើយ។

ជាក់ស្ដែងកន្លងមកគឺនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ សន្តិសុខកាស៊ីណូខាងលើ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដោយចោទថាលេងជល់មាន់ប្រើល្បិចចាក់ថ្នាំឲ្យមាន់ខ្លួនឯងចាញ់ រួចឲ្យបក្ខពួកខ្លួនចាក់លុយខាងគេអ្នកឈ្នះ។ក្រោយពេលឃាត់ខ្លួនជាច្រើនម៉ោងគេឃើញសមត្ថកិច្ចមិនដឹងជាខាងណាទេទៅធ្វើកំណត់ហេតុ។ លុះមកដល់ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ ស្រាប់តែសន្តិសុខកាស៊ីណូនេះដដែលបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ដែលមកលេងល្បែងពេញមួយថ្ងៃដោយចោទថាជំពាក់លុយ១២ម៉ឺនដុង។

ក្នុងថ្ងៃនោះដែរ ក្រុមអ្នកកាសែតបានទៅសុំការបំភ្លឺពីអ្នកគ្រប់គ្រង កាស៊ីណូនោះបែរសន្តិសុខបកស្រាយថា ជនដែលឃាត់ នោះគឺបានដោះលែងវិញហើយ។ ការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់នេះមកពីសាម៉ីខ្លួនលេងល្បែងចាញ់គេ ដោយពុំមានលុយសងដូចចំនួនខាងលើ ទើបពួកគាត់ឃាត់តែម្ដងទៅ ។តែបើតាម ប្រភពមួយដោយឡែកវិញ បានបង្ហើបថា ការឃាត់ខ្លួននោះ គឺធ្វើឡើងតាំងពីព្រឹករហូតដល់ម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែល ក៏នៅតែមិនទាន់ដោះលែងពីក្នុងបន្ទប់ផង ដោយមានទាំងសន្តិសុខអង្គុយយាមយ៉ាងតឹងតែងទៀតផង ។

លោក ជា ហេង អធិការនគរបាលស្រុកពាមជរ បានឲ្យដឹងថា កាស៊ីណូមួយនេះឥឡូវឃើញមានច្បាប់ហើយ តែមិននៅលើលោកទេ គឺនៅនឹងលោកអភិបាលស្រុក។ ចំពោះរឿងឃាត់មនុស្ស នៅក្នុងបន្ទប់កាលពីថ្ងៃទី១ឧសភាកន្លងមកនេះ លោកមិនបានដឹងទេ។

លោក សៅ ប្រសិដ្ឋ អភិបាលស្រុកពាមជរ មិនអាចសុំការពន្យល់បានទេ ព្រោះទូរស័ព្ទចូលជាច្រើនដងហើយ មិនមានអ្នកទទួល។ ឯលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេ ព្រោះពេលទូរស័ព្ទចូលហើយលោកចុចបិតទៅវិញ។

ចំណែកលោក មាស សុភក្កិ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង ក៏មិនអាចសុំការបំភ្លឺបានដែរ ខណៈទូរស័ព្ទចូលច្រើនដងហើយលោកមិនទទួលដាច់ខាត ៕ សហការី

...

bratna2 bratna

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print