ខេត្តកណ្តាល៖ ជនសង្ស័យប្រុស-ស្រី៨នាក់ជាចោរឆក់តាមដងផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវបានលោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តបណ្តោះអាសន្នពីបទលួចមានស្ថានទម្ងន់ទោស ។
ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីដែលត្រូវបានសម្រេចឃុំខ្លួននោះមានទី១-ឈ្មោះ ទិត្យ ហេងចាន់រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យព្រែកឯង រស់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទី២-ឈ្មោះ បូ កាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ទី៣-ឈ្មោះ ខៀវ កែវពុទ្ធិ ហៅតាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាអ្នកបិទតែមម៉ូតូ រស់នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទី៤-ឈ្មោះ សុំ សុផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៥-ឈ្មោះ សោ ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ទី៦-ឈ្មោះ ឈឹម សាមីត ហៅបារាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ទី៧-ឈ្មោះ ជូ ស៊ីណា ហៅស្រីខួច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងទី៨ឈ្មោះ ផុន សៀងលី ហៅឈិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់ស្ត្រីរងគ្រោះឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំបក់ ឃុំសៀមរៀប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ករណីឆក់កាបូបនេះកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ គ្រាដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ។
ប្រភពដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះបានចាំភិនភាគម៉ូតូ និងស្លាកលេខម៉ូតូជនសង្ស័យច្បាស់លាស់ ក៏ចូលខ្លួនដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ។ នគរបាលក្រុងតាខ្មៅក៏បើកកិច្ចប្រតិបត្តិការឃ្លាំចំមើលជនសង្ស័យ និងភិនភាគម៉ូតូដែលជនរងគ្រោះបានប្តឹង រហូតឈានដល់ធ្វើការឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យជាបន្តបន្ទាប់បានចំនួនសរុប៨នាក់ ក្នុងនោះស្រីម្នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នគរបាលផ្នែកយុត្តិធម៌ក្រុងតាខ្មៅបានបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាឆក់កាបូប ,ទូរស័ព្ទដៃ និងគ្រឿងអលង្ការ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ ។ តាមចម្លើយសារភាពជនសង្ស័យធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈបានសម្រេចជាច្រើនលើកច្រើនសាររួចមកហើយ សកម្មភាពឆក់ពួកគេបានធ្វើឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ,ក្រុងតាខ្មៅ និងក្នុងភូមិសាស្ត្រស្រុកស្អាងផងដែរ ៕
ដោយ៖ ស្អាងជ័យ