ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា គេឃើញក្រុមមន្រ្តីបរិស្ថានចាប់រថយន្តដំរីទឹកដឹកឈើ ១ដើមធំ រួមទាំងវត្ថុតាងផ្សេងៗដូចជារណាយន្តសំរាប់អារច្រៀកឈើជាដើម ប៉ុន្តែការចាប់រថយន្តខាងលើហាក់បីជានៅមានអាថ៌កម្បាំងច្រើន ខណៈគេដឹងថាតំបន់នោះពោធិ៍ពេញទៅបទល្មើសកាប់អារច្រៀក និងដឹកជញ្ជូនឈើគ្រប់ប្រភេទ។
ប្រភពរាយការណ៍ខាងលើបន្តថាការចាប់រថយន្តដំរីទឹកដឹកឈើ ១ដើមធំនេះ នៅចំណុចក្នុងព្រៃខណៈដែលរថយន្តកំពុងដឹងឈើគេបើកត្រឡប់ចេញពីព្រៃ លុះមកដល់ចំណុចត្រពងពង់ ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៍ត្រូវក្រុមការងារមន្រ្តីបរិស្ថាននៅទីនោះចាប់ឃាត់ទុកតែម្តង ហើយរថយន្តដំរីទឹកដឹកឈើនោះ ជាប្រភេទឈើហុបដែលគេអារឡាំងជា ៨ជ្រុង ឈើ(រាជកុល) ចំនួន ០១ដើម មុខកាត់អង្កត់ផ្ចិតទំហំ ០,៧០ម៉ែត្រ មានប្រវែង ១០ម៉ែត្រ ស្មើរនឹងជាង ៥ម៉ែត្រត្រីគុណុ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ឈើហុប ១ដើមធំដែលគេអារឡាំងជា ៨ជ្រុងនេះ ជាឈើរបស់ឈ្មួញម្នាក់ឈ្មោះ ហ៊ុំ ហយ ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាឈ្មួញបំផ្លាញព្រៃឈើដ៍ធំមហាសាល មិនត្រឹមតែនៅខេត្តពោធិ៍សាត់នោះទេ គឺទូរទាំងប្រទេសកម្ពុជាតែម្តង ដោយគាត់ភាគច្រើនជ្រកក្រោមស្លាកយីហោរបស់ក្រុមហ៊ុនលោក ឧញ្ញាទ្រីភាព។
ប្រភពរាយការណ៍បញ្ជាក់បន្ថែមបន្តទៀតថា ការបង្រ្កាបរថន្តដំរីទឹកដឹកឈើហុបអារឡាំង ៨ជ្រុងចំនួន ០១ដើមធំខាងលើ មន្រ្តីជំនាញបរិស្ថានកំពុងបន្តនីតិវិធីនៅឡើយ។
ដោយឡែក៖ អ្នកសារព័ត៌មានយើង ពុំអាចស្វែងរកសុំការពន្យល់បន្ថែមឲ្យបានច្បាស់លាស់នោះទេ ជុំវិញបញ្ហាប្រភពលើកឡើងទាំងអស់ខាងលើ ពីឈ្មួញឈ្មោះ ហ៊ុំ ហយ៕ បឹុម ពិន












