ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះពេលដែររូបគាត់បានជិះម៉ូតូមកដល់ផ្លូវបំបែកជាបួនមិនគោរពភ្លើងស្ទុប ក៏ត្រូវបានរថយន្តកាមរីបាឡែនបើកបុកចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៧ ត្រង់ចំណុចស្ទុបអ៊ាងទឹក តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ២១៧ ស្ថិតក្នុងសង្កាត់វាល់វង់ខណ្ឌ៧មករា ។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺមានបុរសម្នាក់បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ.7306 ដោយជិះម្នាក់ឯងធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ស្ទុបអ៊ាងទឹកដែលជាកន្លែងកើតហេតុ រូបគាត់មិនបានឈប់ស្ទុបភ្លើងក្រហមនោះទេ ស្របពេលនោះក៏មានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD.4832 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានមកបុកម៉ូតូខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ ចំណែកឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តកាមរីបាឡែនបានបើករត់មកជិតដល់ផ្សារដើមគរ ទើបមានប្រជាពលរដ្ឋជួយស្ទាក់ឃាត់បាន ។ ដោយឡែកបុរសរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕