ភ្នំពេញ ៖ គ្រាន់តែមួយយប់សោះរថយន្តពីរគ្រឿងបុករបាំងថ្មចែកទ្រូងផ្លូវ២ដង នៅកន្លែងដដែលតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលជាទីងងឹតអត់មានភ្លើងអគ្គិសនីបំភ្លឺ ។
ជាក់ស្តែងក្នុងករណីទី១ កើតឡើងកាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងលើមានរថយន្តម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2N-7610 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកមកបុករបាំងថ្មចែកទ្រូងផ្លូវកន្លែងនេះបណ្តាលឲ្យរងការខូតខាតផ្នែកខាងមុខទាំងស្រុងនិងបើកទៅមុខលែងរួចតែម្តង ។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលទៅបុករបាំងថ្មទាំងកំរោលម្តង ។
ដោយឡែកនាវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងដដែល ស្រាប់តែមានរថយន្តម៉ាកហ៊ីលុច្ស ពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខ បាត់ដំបង 2A-6058 បានបើកក្នុងទិសដៅពីត្បូងទៅជើងដូចគ្នា ហើយ ដោយសារតែស្ថានភាពផ្លូវកន្លែងដដែលនោះងងឹត មើលទ្រូងផ្លូវមិនឃើញ ទើបរថយន្តបុករបាំងថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតអស់ចំនួន៤កង់ទៀត។ ចំណែករថយន្តដាច់កាឡេខាងឆ្វេងទៅមុខលែងរួចដែរ ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា ទីកន្លែងនេះមិនមែនកើតមានឧប្បត្តិហេតុបែបនេះទើបតែពីរលើកនេះទេ គឺកើតមានស្ទើររាល់យប់ទៅហើយគឺឧស្សាហ៍គ្រោះថ្នាក់ណាស់ដោយសារតែ កត្តាផ្លូវខុសបច្ចេកទេស របាំងថ្មដាក់គ្មានចំណាំងផ្លាត ជាពិសេសគ្មានអំពូលភ្លើងបំភ្លឺផ្លូវ ។ ដូច្នេះប្រជាពលរដ្ឋសូមអពាវនាវដល់អ្នកជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីមេត្តាអញ្ជើញចុះទៅមើលកន្លែងនោះផង៕ ប្រាថ្នា