ប្រមុខដឹកនាំទីភ្នាក់ងារ NSA ក៏បានអះអាងផងដែរថា នៅពេលនោះអាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធ័រនែតរបស់រុស្ស៊ី ហើយបានជូនដំណឹងទៅបារាំងផងដែរ។យោងតាមប្រមុខទីភ្នាក់ងារ NSA អាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធ័រនែតទៅលើលោកម៉ាក្រុង គឺដោយសារតែអាមេរិកបានតាមឃ្លាំមើលជាប់ជានិច្ចនូវសកម្មភាពរបស់រុស្ស៊ីនៅលើប្រព័ន្ធអ៊ីនធ័រនែតចាប់តាំងពីមានការវាយប្រហារស្រដៀងគ្នានេះទៅលើក្រុមការងាររបស់លោកស្រីហ៊ីឡារី គ្លីនតុនកាលពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅមិញ។
ឧត្តមនាវី ម៉ៃក៍ រ៉ជ័រ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថាការវាយប្រហារទៅលើលោកម៉ាក្រុង និងការវាយប្រហារទៅលើលោកស្រីគ្លីនតុនគឺមានទ្រង់ទ្រាយស្រដៀងគ្នា ហើយកើតចេញពីក្រុមដែលមានទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារចារកិច្ចរុស្ស៊ី ហើយថាអាមេរិកបាននិងបន្តរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យរុស្ស៊ីលូកដៃចូលលូកលាន់ក្នុងការបោះឆ្នោតប្រជាធិបតេយ្យ ទាំងការបោះឆ្នោតប្រធានាធិបតីបារាំងដែលទើបនឹងបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យនិងការបោះឆ្នោតនៅប្រទេសផ្សេងទៀតដែលនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខ ជាពិសេស ការបោះឆ្នោតសភាអង់គ្លេសនៅខែមិថុនា និងនៅអាល្លឺម៉ង់ នៅខែកញ្ញា។
គួររំឭកឡើងវិញថា កាលពីយប់ថ្ងៃសុក្រនៅក្រោយពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងទើបនឹងបិទបញ្ចប់ ដើម្បីត្រៀមបោះឆ្នោតជុំទី២ នៅថ្ងៃអាទិត្យការិយាល័យរបស់លោកម៉ាក្រុងបានប្រកាសឲ្យដឹងថាក្រុមការងាររបស់លោកទទួលរងនូវការវាយប្រហារតាមអ៊ីនធ័រនែតហើយជាការវាយប្រហារក្នុងទ្រង់ទ្រាយធំដោយមានការរៀបចំគម្រោងការណ៍ទុកជាមុន។ នៅពេលនោះ អ៊ីមែលរាប់ពាន់ដែលជាការឆ្លើយឆ្លងផ្ទៃក្នុងគណបក្សរបស់លោកអេម៉ានុយអែល ម៉ាក្រុងត្រូវបានគេចូលលួច ហើយយកទៅចុះផ្សាយជាសាធារណៈអ៊ីនធ័រនែត ៕