ខេត្តត្បូងឃ្មុំ ៖ បើកម៉ូតូជែងខ្វះការប្រុងប្រយ័ត្នក្នុងទិសដៅបញ្ច្រាសគ្នា បានបណ្តាលឲ្យបុរសម្នាក់ជ្រុលទៅចូលក្រោមកង់ក្រោយរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ180-181 ស្ថិតនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ម៉ូតូម៉ាកសេC100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ផ.5544 ភព1 បើកបរដោយឈ្មោះ សេង ហ៊ន់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3A.2257 បើកបរដោយឈ្មោះ ភិន ភាវុធ ភេទប្រុស អាយុ26ឆ្នាំ ជាតិខ្មែរ នៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល (មិនមានរបួស) ។
មុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរក្នុងទិសដៅពីមេមត់មកភូមិត្រសិត (កើត-លិច) បានជែងរថយន្តធុនធំមួយគ្រឿង ក៏ជ្រុលទៅចូលកង់ក្រោយរថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងបើកបរពីកំពង់ចាម ទៅច្រកស្អំ (លិច-កើត) បណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុគឺអ្នកបើកម៉ូតូជែង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ ចំណែករថយន្ត និងម៉ូតូបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ៕ វណ្ណះ