សន្និសីទ្ធកាសែតបង្ហាញមុខជនសង្ស័យ និងគ្រឿងញៀនជាង៦០គីឡូក្រាមត្រូវបានបង្ក្រាប

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២រូប និងគ្រឿងញៀនជាង៦០គីឡូក្រាមដែលកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការបង្ក្រាបកាលពីថ្ងៃ១៧ និងទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នងបុរីមួយស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែលសុខ និងនៅផ្ទះសំណាក់នៅខេត្តរតនគីរីនោះ ដោយឡែកនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ មន្ទីរប្រឆាំងគ្រឿងញៀនបានបើកសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ និងគ្រឿងញៀនជាង៦០គីឡូក្រាមរួមមាន៖ ថ្នាំគ្រាប់សង្ស័យសារធាតុញៀនមេតំហ្វេតាមីន(WY)៤២ដុំធំ ម្សៅសង្ស័យសារធាតុញៀនហេរ៉ូអ៊ីន(Heroin)ចំនួន៤៧ដុំធំ និងម្សៅសង្ស័យសារធាតុញៀនមេតំហ្វេតាមីន(ICE)ចំនួន១២ដុំធំ។ សន្និសិទនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សាន សុធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងនៅក្នុងសន្និសិទកាសែតថា ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សា វឿន អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតឲ្យជួបធ្វើសន្និសិទជាសាធារណៈដើម្បីជូនព័ត៌មានបឋម ជុំវិញករណីដែលកម្លាំងសមត្ថកិច្ចយើងធ្វើការបង្ក្រាបកាលពីកន្លងទៅនេះថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។ លោកថា នេះមិនមែនជាសន្និសិទកាសែតទេគឺជាព័ត៌មានបឋមហៅថា(Breaking News)។ លោកបន្ថែមថា ហើយនៅថ្ងៃនេះផងដែរគឺជាថ្ងៃដែលគណៈបក្សនយោបាយចាប់ផ្តើមដំបូងចេញធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ យើងក៏បានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគឺថាសម្តេចបានយកចិត្តទុកដាក់ណាស់ពីព្រោះការប្រឆាំងបទល្មើសគ្រឿងញៀននេះ។ ជាពិសេសយើងអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពក្នុង៩ចំណុចនោះគឺមានចែងប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀនបានបន្តលើកឡើងថា កាលពីខែមករារហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានលើកឡើងយុទ្ធនាការបង្កាទប់ស្កាត់បង្ក្រាបគ្រឿងញៀនខុសច្បាប់ ដែលលើកទី១មានរយៈពេល៦ខែ ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានផងដែរ។ ចឹងកន្លងមកនេះយើងបើកយុទ្ធនាការប្រឆាំងគ្រឿងញៀន។ លោកឧត្តមសេនីយ៍ឯកដដែលក៏បានលើកឡើងពន្យល់ថា យុទ្ធនាការនេះគឺបានន័យថាជាសកម្មភាពបង្កាបង្ក្រាបប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ជាយុន្នការមួយជាសកម្មភាពមួយរបស់ជាតិទាំងមូលមិនគិតនិន្នាការនយោបាយ មិនគិតសាសនាមិនថាប្រុសស្រី ជនបរទេសឬអង្គការក្រៅរដ្ឋាភិបាលយើងរួមគ្នាទាំងអស់គ្នាដើម្បីបង្កាបង្ក្រាបគ្រឿងញៀននេះ។ លោកបញ្ជាក់ថា បណ្តាប្រទេសជិតខាងយើងនេះបញ្ហាគ្រឿងញៀនគឺជារឿងស្មុគស្មាញណាស់។ នៅតំបន់ខ្លះឈានដល់រហូតបាញ់សម្លាប់ តែសម្រាប់កម្ពុជាយើងគឺអត់ធ្វើដូចគេបានទេ ព្រោះយើងគោរពសិទិ្ធមនុស្ស។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា លទ្ធកន្លងមកនេះយើងបង្ក្រាប់បាន៣.៥៦២ករណី ឃាត់មនុស្សបាន៨០២២នាក់ ស្រី៨២៣នាក់ ដកហូតថ្នាំញៀនបានជាង៥១គីឡូ។ ដោយឡែកក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចង្អុលដឹកនាំឲ្យរូបលោកផ្ទាល់សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខិតខំស៊ើបអង្កេតស្រាវជ្រាវរកឲ្យបង្ក្រាបឲ្យបានបណ្តាបទល្មើសគ្រឿងញៀនខុសច្បាប់ផ្សេងៗហើយថ្ងៃនេះយើងបានដាក់ឈ្មោះថា ករណីបេ២(១៧៥,១៧)ហើយករណីដែលយើងបានសន្និដ្ឋានថាជាករណីរក្សាទុកផង ជាករណីជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងមានការចាត់តាំង។ លោកថា ការស្រាវជ្រាវស៊ើបអង្កេតវាមានច្រើនករណីណាស់ ក៏ប៉ុន្តែករណីនេះយើងបង្ក្រាបបានសម្រេចតែក្នុងរយៈពេលពីម៉ោង១៤និង៣០នាទីថ្ងៃទី១៧ឧសភា ដល់ម៉ោង១៤និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។ យើងបង្ក្រាបបានចំនួន៣ទីតាំង ដោយបានសហការស្នងការនគរបាលរាជធានីភ្នំពេញផង អាជ្ញាធរដែនដីព្រមទាំងជាមួយនឹងខេត្តរតនគីរី និងមានការចូលរួមពីសំណាក់អយ្យការផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បន្តមានប្រសាសន៍ថា លទ្ធផលរហូតមកដល់ពេលនេះគឺយើងចាប់បានជនសង្ស័យពាក់ព័ន្ធករណីនេះមាន២នាក់ទី១/ឈ្មោះ លួន សុផានិង២/ឈ្មោះ ស៊ី ឡាឡយ ហៅស៊ីខាំឡយ។ ក្នុងនោះសមត្ថកិច្ចយើងដកហូតបានគ្រឿងញៀន៣ ប្រភេទមាន៖ មេតំហ្វេតាមីនគ្រាប់ មេតំហ្វេតាមីនទឹកកក និងហេរ៉ូអ៊ីន។ លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងថា យើងដឹងថាវាជាគ្រឿងញៀនប្រភេទដូចខាងលើ។ តែ ឡូវនេះគឺមានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខ១៣/៣៥ គឺយើងនឹងបង្កើតក្រុម១ផ្សេងទៀតហៅថា ក្រុមការងារដើម្បីត្រួតពិនិត្យ និងធ្វើការវិភាគទៅលើសារធាតុចាប់បានក្នុងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមនេះមានការចូលរួមពីខាងអគ្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រះរាជអាជ្ញា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នាយកមន្ទីរពិសោធន៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល ដើម្បីរៀបចំចូលមកពិនិត្យឲ្យច្បាស់ថាទី១/ តើសារធាតុអ្វី? ទី២/កំណត់ថាតើវាសុទ្ធប៉ុន្មានភាគរយ? ព្រោះថាច្បាប់យើងការផ្តន្ទាទោសលើជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះគឺផ្អែកលើបរិមាណ និងធាតុសុទ្ធ។ ហេតុដូច្នេះយើងវាយតម្លៃឲ្យបានច្បាស់ដើម្បីបញ្ជូនទៅកាន់ព្រះរាជអាជ្ញាផ្តន្ទាទោសឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាជាប្រទេសរងគ្រោះដោយសារដឹកជញ្ជូនឆ្លងកាត់ យើងមិនមែនជាប្រទេសផលិតដាំដុះនោះទេ។ គេនាំឆ្លងកាត់ប្រទេសយើងមកពីតំបន់ត្រីកោណមាស មកពីប្រទេសឡាវ មកពីភូមា ឆ្លងកាត់តាមទិសឥសានព្រំដែនកម្ពុជាឡាវ ហើយគេបានបែងចែកទៅប្រទេសផ្សេងទៀត ចឹងនេះឆ្លងមកពីប្រទេសឡាវ។ លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យនៅសេសសល់នោះលោកថានឹងបន្តតាមខ្លួនមិនឲ្យរួចខ្លួនឡើយ ហើយចំពោះមេក្លោងនៅក្រៅប្រទេសនោះវិញលោកថានឹងស្នើសុំសហការជាមួយសមត្ថកិច្ចអន្តរជាតិ។ ពេលនេះសមត្ថកិច្ចយើងចាប់បានមេក្លោងនៅក្នុងប្រទេសយើង និងកន្លែងដែលគាត់បញ្ជាឲ្យរក្សាទុកដើម្បីជួញដូរ។ ក្នុងករណីនេះផងដែរគេបានធ្វើសកម្មភាពជួញដូរចែកចាយប្រហែល៥ខែមកហើយ។ លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ចំពោះជនសង្ស័យជាម្ចាស់ផ្ទះសំណាក់រតនៈសម្បតិ្តជាឧកញ៉ានោះ លោកបដិសេធថាមិនដឹងនោះទេ។ តែពេលនេះគាត់ជាជនសង្ស័យ ហើយគ្រឿងញៀន ដែលសមត្ថកិច្ចយើងហូតនៅចំពោះមុខបើយើងថ្លឹងទាំងសំបកវាមានទម្ងន់ដល់ទៅ៦៧គីឡូក្រាមឯណោះ។ លោកបញ្ជាក់ថា ជនសង្ស័យនិងបញ្ជូនទៅកាន់តុលាការនៅល្ងាចថ្ងៃទី២០ឧសភានេះ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ តាឡឹម

20170520_091505 20170520_091027 20170520_090920 20170520_090430

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print