ភ្នំពេញ ៖ យុវជនមួយក្រុមដែលមានគ្នា៩នាក់ជិះម៉ូតូ៤គ្រឿងដើរលេងពេលយប់ ត្រូវបានជនសង្ស័យ មួយក្រុមមានគ្នាជាង៣០នាក់ ជិះម៉ូតូច្រើនគ្រឿង បានធ្វើសកម្មភាពវាយតប់ទៅលើភាគីម្ចាង មានគ្នា៩នាក់ បណ្តាលឲ្យមានអ្នករងរបួស និងត្រូវរត់ចេញពីកន្លែងកើតហេតុចុះចោលម៉ូតូ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ។
យោងតាមសម្ដីយុវជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា ពួកគេជិះម៉ូតូ៤គ្រឿង ដោយមានគ្នា៩នាក់ ដើរលេងនៅម្ដុំបឹងត្របែក ហើយទៅដើរលេងកន្លែងផ្សែងទៀត ដោយធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បួងទៅជើង ។ លុះមកដល់ចំណុចផ្លូវកែងលេខ៣០៦ ដែលជាកន្លែងកើតហេតុ ក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣០នាក់ជិះម៉ូតូជិត១៥គ្រឿងបានមកធ្វើសកម្មភាពដេញវ៉ៃទៅលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះតដៃមិនកើតក៏រត់គេចចុះចោលពីម៉ូតូតែម្ដង ហើយត្រូវជនសង្ស័យក៏លើកម៉ូតូជន រងគ្រោះ១គ្រឿងជិះគេចខ្លួនបាត់ទៅ ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានប្រាប់នគរដ្រេហ្គន នៅវេលាម៉ោង១ និង១០នាទីឲ្យដឹងថា ករណីខាងលើនេះ មិនមែនជាករណីប្លន់នោះទេ ការពិតផ្តើមឡើងចេញពីទំនាស់ ក៏បង្កទៅជាអំពើហិង្សាវាយតប់គ្នា ដល់ភាគីម្ខាងទ្រាំមិនបានក៏រត់ចោលម៉ូតូតែម្តងទៅ ។ យ៉ាងណាសមត្ថកិច្ចខិតខំស្រាវជ្រាវ រហូតរកឃើញម៉ូតូយកមកប្រគល់ទៅឲ្យជនរងគ្រោះវិញដែរ ៕ ស រស្មី














