ស្ងប់ស្ងាត់​ !​ សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ នៅ​ស្រពិចស្រពិល​

ចែករំលែក៖

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ សាលក្រមរឿងក្ដីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោកថោង សារ៉ាត់ ជាមេខ្លោង និង ក្រុមអង្គរក្ស នៅពុំទាន់ប្រកាសនៅឡើយទេ ពោលគឺនៅស្រពិចស្រពិលនៅឡើយ ។

លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ បានលើកពេលប្រកាសសាលក្រមរឿងក្ដីនេះ ដោយមិនកំណត់ពេល ។

មជ្ឈដ្ឋានមួយចំនួន ងឿងឆ្ងល់ថា ហេតុអ្វីរាល់ពេលសវនាការពុំដែលមានវត្តមានលោក ថោង សារ៉ាត់ ជាតួអង្គសំខាន់ ខណៈមេធាវីការពារក្ដីលោក ថោង សារ៉ាត់ អះអាងថា លោក ថោង សារ៉ាត់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ។

ប្រភពព័ត៌មានច្បាស់ការណ៍សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា រហូតមកទល់ពេលនេះ តុលាការនៅពុំទាន់កំណត់ថ្ងៃប្រកាសសាលក្រមរឿងក្ដីនេះនៅឡើយទេ ។

លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទ ធ្លាប់ថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុន ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ដោយ៖ចេស្តា

...

IMG_3595

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print