ខេត្តកណ្តាល ៖ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពីរគ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹងនៅលើផ្លូវជាតិលេខ៥ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នកស្លាប់ បានត្រឹមតែធ្វើមនុស្ស២នាក់រងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោងរូបសំណាក់សេះស ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ2AI-2405 បើកបរដោយឈ្មោះ ហុង សម្បត្តិ ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-0050 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ2AI-2405 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។ លុះបើកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-0050 ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្ស២នាក់ជិះក្នុងរថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2AI-2405 រងរបួសស្រាល ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

















