នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាលត្រាំនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច លោកត្រាំបានបញ្ចុះបញ្ចូលកម្លាំងអូតងចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម ។ អូតង ក៏បានសម្រេចចូលរួម ក្រោយពេល មានការវាយប្រហារសម្លាប់មនុស្សជាច្រើនកើតឡើងនៅក្នុងតំបន់អឺរ៉ុប។
ក្រោយភេរវកម្ម សម្លាប់មនុស្ស២២នាក់នៅទីក្រុងManchester រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកទាំង២៨របស់អូតង់បានសម្រេចព្រមព្រៀងឲ្យអូតង់ចូលរួមជាមួយសម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរីនិងនៅអ៊ីរ៉ាក់។ សម្រាប់លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ការចូលរួមរបស់អូតង់ក្នុងសម្ព័ន្ធអន្តរជាតិ គឺជាសារនយោបាយសំខាន់ដែលបញ្ជាក់ពីការរួបរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរបស់ក្រុមភេរវនិយម។ អាមេរិក និងអង់គ្លេស បានទាមទារ ចង់ឲ្យអូតង់ ចូលរួមជាសមាជិកពេញមុខនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែបារាំងបានចេញមុខប្រឆាំង។
បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញមុខជំទាស់នឹងការទាមទាររបស់អង់គ្លេស និង អាមេរិកដោយសារតែបារាំងខ្លាចបារម្ភថា អន្តរាគមន៍ លូកដៃរបស់អូតង់ទៅក្នុងប្រតិបត្តិការយោធានៅស៊ីរី និងអ៊ីរ៉ាក់នឹងអាចបង្កឲ្យមានផលរមាស់ ចលាចល និងអនាធិបតេយ្យ នៅដើមបូព៌ាដូចដែលអូតង់កំពុងបន្សល់ទុក នៅប្រទេសលីប៊ី។នេះគេនៅមិនទាន់និយាយពីអាហ្វហ្កានីស្ថាន ដែលអូតង់ក្រោមការផ្តួចផ្តើមរបស់អាមេរិកបានចូលផុងខ្លួនទៅក្នុងសង្រ្គាមរ៉ាំរ៉ៃ គ្មានច្រកចេញផង។
តាម អគ្គលេខាធិការរបស់អង្គការអូតង់ ការចូលរួមរបស់អូតង់មានលក្ខណៈនយោបាយ និងជានិមិត្តរូប ប៉ុន្តែ វាមិនមែនមានន័យថាអូតង់នឹងមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ នៅក្នុងសមរភូមិ នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់នោះទេ។ តាមប្រភពមន្រ្តីទូតមួយចំនួននៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអូតង់នឹងផ្តល់តែជំនួយ ផ្នែកពិគ្រោះយុទ្ធសាស្រ្តយោធាដែលអូតង់បានបទពិសោធន៍ពីការធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថានហើយនិងផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យប្រទេសដៃគូ តែប៉ុណ្ណោះ។ការចូលរួមតែប៉ុណ្ណោះ គឺមិនឆ្លើយតបនឹងការចង់បានរបស់អាមេរិកនិងអង់គ្លេស ដែលតាមពិតទៅចង់ឲ្យអូតង់បញ្ជូនយន្តហោះAwacsទៅយកការណ៍បន្ថែមនៅស៊ីរី។
សព្វថ្ងៃនេះទោះបីជាអូតង់មិនទាន់ចូលដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ប៉ុន្តែរាល់សមាជិកទាំង២៨របស់អូតង់ គឺបានចូលរួម រៀងៗខ្លួនរួចហើយក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ដូចជាបណ្តុះបណ្តាលយោធាអ៊ីរ៉ាក់ ជាដើម៕

