ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៨ ខែ កញ្ញា ជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា។ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១នេះផងដែរ ថ្នាក់ដឹកនាំ បុរី ប៉េង ហួត បានចូលរួមកាន់បិណ្ឌទី១ ក្នុងវត្តជ័យមង្គល ហៅវត្តជ្រៃ ស្ថិតនៅក្នុង ភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ថា្នក់ដឹកនាំ បុរី ប៉េង ហួត បានឧទិ្ទសកុសលផលបុណ្យជូនបុព្វការីជន ក៏ដូចជាបុព្វបុរសខ្មែរដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន មានដល់បុគ្គលិកគ្រប់រូបនៃបុរី ប៉េង ហួត។
ក្នុងឱកាសនោះថ្នាក់ដឹកនាំ បុរី ប៉េង ហួតបានប្រគេនចង្ហាន់ គ្រឿងទេយ្យទាននិងថវិកាដល់ព្រះសង្ឃចំនួន12អង្គអង្គធំថវិកា ៤០០$ អង្គតូចថវិកា២១០$ ព្រមទាំងយាយជីតាជីចំនួនជាង ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល។
បន្ទាប់ពីបានប្រគេនចង្ហាន់និងគ្រឿងទេយ្យទានដល់ព្រះសង្ឃរួចមក ថ្នាក់ដឹកនាំបុរី ប៉េង ហួត បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន១០ភូមិ ប្រមាណជា៤០០០គ្រួសារក្នុង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងមួយម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ថវិកាចំនួន ៤ ម៉ឺនរៀល ព្រមទាំងក្មេងចំនួនជាង ២០០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឹន រៀលផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំបុរី ប៉េង ហួត បានចុះពិនិត្យការសាងសង់ព្រះវិហារ វត្តជ័យមង្គលហៅវត្តជ្រៃ ដែលចាប់ផ្តើមកសាងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ សម្រេចបានជាង 30% ហើយ គ្រោងបញ្ចប់ការសាងសង់ នាចុងឆ្នាំ ២០១៦ ខាងមុខនេះ។ សមិទ្ធផលទាំងអស់នេះ ជាការចូលរួមចំែណករបស់បុរី ប៉េង ហួត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀតដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចខែភទ្របទរហូតដល់ថ្ងៃ១៥រោចខែភទ្របទដែលពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនិងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ ៕
ដោយ៖ ថម សន