ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយហ្វូងប្រមាណ៣០ម៉ូតូ ដែលកំពុងធ្វើសកម្មភាពដេញវៃកាប់ទៅលើយុវជន២នាក់ដែលទើបចេញមកពីកោះពេជ្រធ្វើដំណើរត្រលប់ទៅផ្ទះ តែមិនទាន់បានវៃផង ស្រាប់តែមានមន្រ្តីយោធាប្រុសស្រី៣ នាក់ជិះរថយន្តស៊េរីទំទើបធុនត្រា មួយគ្រឿង មកដក់កាំភ្លើងខ្លីបាញ់១គ្រាប់ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវទាំងនោះ បណ្តាលអោយយុវជន២នាក់នោះភ័យជិះរត់ក៏បានជ្រុលចង្កូតបុកជញ្ជាំងទ្វារផ្ទះប្រជាពលរដ្ឋហើយបានរត់យករួចខ្លួនទាំង២នាក់ ហើយក្នុងហេតុការណ៍នោះដែលក៏មានម៉ូតូហុងដាឌ្រីម២០១៧មួយគ្រឿងផ្សេងទៀតដែលម្ចាស់រត់គេចខ្លួនផងដែរ ។
ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលស្ទើរពេញមួយចំហៀងក្រុងនេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ទល់មុខធនាគារ អេស៊ីលីដា ដែលស្ថិតក្នុងសង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ២នាក់ដែលត្រូវក្រុមក្មេងស្ទាវទាំងនោះដេញកាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរអ្នកលើកម្ហបក្នុងហាង ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូម៉ាកNEXស្លាកលេខភ្នំពេញ1BZ-1339 រួមដំណើរជាមួយមិត្តភ័ក្រម្នាក់ឈ្មោះ ឈុំ ហៀង អាយុ១៧ឆ្នាំ របរជាកូនជាងមាស ស្នាក់នៅម្តុំផ្សារPCសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រីឯម៉ូតូហុងដាឌ្រីមស៊េរី២០១៧ មួយគ្រឿង ដែលស្នាមកាប់យកស្លាកលេខទៅបាត់ ហើយម្ចាស់ម៉ូតូមិនដឹងថាទៅទីណាទេ។ ចំណែករថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយស្រ្តីម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀតនៅក្នុងរថយន្តដែលមានម៉ាក “ធុនត្រា” គ្មានស្លាកលេខ។
បើតាមសម្តីរបស់យុវជនឈ្មោះ ជុំ តុលា ដែលសមត្ថកិច្ចចាត់ទុកថាជាជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភ័ក្រឈ្មោះ ឈុំ ហៀង បានធ្វើដំណើរជិះម៉ូតូម៉ាក់NEXខាងលើដើរទៅលេងនៅកោះពេជ្រ ហើយក៏បានជិះត្រលប់មកផ្ទះនៅអូបែកក្អម តែដោយសារយប់ជ្រៅពេកមិនហ៊ានហៅទ្វាក៏បានត្រលប់ទៅផ្ទះរបស់ ឈុំ ហៀង នៅឯបឹងទំពុន ដោយបានធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យក៏ស្រាប់តែមានក្រុមស្ទាវមួយក្រុមប្រមាណជាង២០ទៅ៣០ម៉ូតូបានជិះដេញតាមខ្លួនពីក្រោយ ខ្លួនក៏បានបន្ថែមល្បឿនក្នុងគោលបំណងគេចអោយផុតពីក្រុមទាំងនោះ ក៏ស្រាប់តែដល់កើតហេតុខាងលើគឺរថយន្តស៊រីទំនើបនៅពីមុខ បើកស្រប់ទិសគ្នាបានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ១គ្រាប់ធ្វើផ្អើលដល់សមត្ថកិច្ច ខ្លួនភ័យជិះបុកជញ្ជាំងទ្វារហើយរត់គេចខ្លួនបាន ពេលសមត្ថកិច្ចមកដល់ទើបចេញបង្ហាញមុខតែម្តង។
ចំណែកឯម្ចាស់រថយន្តស៊េរីទំនើបខាងលើមិនត្រូវបានបង្ហាញអត្តសញ្ញាណអោយដឹងនោះទេគ្រាន់តែបានប្រាប់ថាគាត់ជាមន្រ្តីយោធា ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា៖ មូលហេតុដោយសារគាត់សម្រេចចិត្តដកកាំភ្លើងបាញ់ឡើងលើនោះគឺ ខ្លាចក្រែងមានករណីមិនល្អមកលើខ្លួន ព្រោះសិដ្ឋានភាពពេលនោះ មិនដឹងថាក្រុមក្មេងស្ទាវទាំងនោះដេញតាមអ្វី ទើបគាត់សម្រេចចិត្តបាញ់ដើម្បីបំបែកហ្វូងក្មេថផងទាំងនោះ។
ក្រោយពេលបន្ទុកសម្លេងគ្រាប់កាំភ្លើង១គ្រាប់រួច សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់រថយន្តរបស់មន្រ្តីយោធា និងម៉ូតូ២គ្រឿង នាំទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីធ្វើការសាកសួរបន្ថែម៕ដោយ៖ ភារ៉ា ដង្កោ