ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ដាច់ជើងចេញជាពីគ្នាយ៉ាងអាណោចអធ័មរីឯម៉ូតូបែកខ្ទេចជាកំណាត់ៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនរងគ្រោះមានឈ្មោះអួង សូត អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបារាជ ឃុំព្រៃឃ្នើស ស្រុកមេសាង ខេត្តព្រៃវែង ខណៈដែលបើកបរម៉ូតូម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៏ខ្មៅអត់ស្លាកលេខ រងការខូចខាតទាំងស្រុង ។ រីឯអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយបន្សល់នូវរថយន្ត ម៉ាកTOYOTA AITHAD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF-6868នៅនឹងកន្លែង ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។
យោងតាមសាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងបានធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនតាមកំណាត់ផ្លូវជាតិលេខ១ បន្ទាប់មកស្រាប់តែបើកជែងនិងរថយន្តមួយគ្រឿងទៀតក៏វ៉ាក់និងម៉ូតូមួយគ្រឿងដែលជិះដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នាបុកយ៉ាងពេញទំហឹង បណ្តាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងដេកលង់លក់ក្នុងដំណេក ។
ក្រោយកើតហេតុអ្នកភូមិក៏បានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ភ្លាមៗប៉ុន្តែអកុសសដោយជនរងគ្រោះរងរបួសធ្ងន់ស្លាប់បាត់ទៅ ចំណែកអ្នកបើករថយន្តបង្កហេតុបានរត់រត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ ៕
ដោយ៖ ឃឹម សុថាន