ខេត្តកណ្តាល ៖ បុរសម្នាក់តខ្សែភ្លើងខុសបច្ចេកទេសបានបណ្តាលឲ្យឆ្លងឆក់ធ្លាក់ពីលើជណ្តើរស្លាប់បាត់បង់ ជីវិតនៅតាមផ្លូវមុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតនៅចំណុចផ្ទះរបស់ឈ្មោះ ឈៀង ពៅ ភេទស្រី ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង៥និង៥នាទី ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ ។
សាក្សីបាននិយាយឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ស្រាយ ចំរើន កំពុងតខ្សែភ្លើងនៅលើជណ្តើរ ក្នុងពិធីបុណ្យមួយស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ក៏ត្រូវបានចរន្តរអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់ពីលើជណ្តើរតែម្ដង ។ ជនរងគ្រោះត្រូវបានដឹកតាមរ៉ឺម៉កម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ ជីវិតតាមផ្លូវបាត់ទៅហើយ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានធ្វើកោសល្យវិច្ច័យសាកសព ដោយមានការចូលរួមពីមេភូមិ និង គ្រួសារសាច់ញាតិជនរងគ្រោះ បានឯកភាពថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន និងបានប្រគល់សពជូនគ្រួសារសពធ្វើបុណ្យតាប្រពៃណី ៕ ស្អាងជ័យ