ខេត្តកោះកុង ៖ ក្រុមអាជីវករលក់ដូរក្នុងផ្សារស្រែអំបិល ខេត្តកោះកុងបានចោទ ប្រកាន់អ្នកស្រី អុឹង សុគន្ធា ប្រធានផ្សារ ស្រែអំបិលថាបានផ្គើននឹងអនុសាសន៍របស់សម្តេចតេជោដោយបន្តយកលុយតាម កញ្ច្រែងរបស់អាជីវករលក់ដូរ បន្តិចបន្តួច។
ប្រភពពីក្រុមអាជីវករលក់ដូរក្នុងផ្សារស្រែអំបិលបានលើកឡើងថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសឲ្យផ្សារ នៅទូទាំងប្រទេសកម្ពុជាបញ្ឈប់យកថ្លៃ ផាស៊ីពីអាជីវករលក់ដូរតាមកញ្ច្រែង និង កញ្ជើដែលពួកគាត់ដាក់លក់ទំនិញបន្តិច បន្តួច តែអ្នក ស្រី អឹុង សុគន្ធា ប្រធានផ្សារស្រែអំបិលបែរ ជាមិនព្រមធ្វើតាមប្រសាសន៍របស់សម្តេចតេជោទាល់តែសោះ ដោយអ្នកស្រីនៅតែឲ្យមេការ ឈ្មោះ ចាន់ នី មកបន្តដើរយកលុយ ដដែល ។
ក្រុមអាជីវករលើកឡើងទៀតថា សំរាម គរពេញផ្សារក៏មេការ និងប្រធានផ្សារមិនបានយកចិត្តទុកដាក់ក្នុងការប្រមូលដែរដោយទុកឲ្យមានស្អុយក្លិនរលួយពាសពេញ ផ្សារ បើលុយថ្លៃផាស៊ី និងថ្លៃអនាម័យគឺយកមិនដែលខានមួយថ្ងៃនោះទេ ។
ជុំវិញបញ្ហានេះលោក ចាន់ នី មេការ ផ្សារស្រែអំបិលបានថ្លែងថា បើមិនយកលុយខ្លះមានលុយឯណាចិញ្ចឹមប្រពន្ធកូន ។
ចំណែកអ្នកស្រី អុឹង សុគន្ធា ប្រធាន ផ្សារស្រែអំបិលវិញបានថ្លែងតាមទូរស័ព្ទថា អ្នកស្រីកំពុងមានធុរៈនៅភ្នំពេញដោយកូនឈឺធ្ងន់ ហេតុនេះចាំពេលអ្នកស្រី ត្រឡប់ទៅវិញចាំចាត់វិធានការលើគំនរ សំរាមទាំងនោះ។ អ្នកស្រីបន្តថា រឿងដែលថាមេការយកលុយពីអ្នកលក់តាម កញ្រែ្ចងនោះ អ្នកស្រីមិនដឹងទេ ព្រោះអ្នកស្រីបានប្រាប់មិនឲ្យយកឡើយ ។
ចំណែក លោក ផុង អ្នកជាអ្នកប្រមូល សំរាមក្នុងផ្សារ ក៏បានឲ្យដឹងដែរថា អ្នកស្រី អុឹង សុគន្ធា ប្រធានផ្សារស្រែអំបិលបានជួលឲ្យគាត់ប្រមូលសំរាមក្នុងផ្សារដោយឲ្យ តម្លៃ៦ម៉ឺនរៀលក្នុង១ថ្ងៃ តែអ្នកស្រីមិនបានឲ្យលុយគាត់រយៈពេល៤ខែមកហើយ។ ចំណែកឯលុយមេការប្រមូលពីអាជីវករមិនដែលខាននោះទេហេតុអ្វីបានជាមិនព្រម ឲ្យលុយលោក ហេតុនេះហើយទើបលោកមិនមកប្រមូលសំរាមនោះ ៕ ហេង នរិន្រ្ទ