ភ្នំពេញ ៖ ជនបរទេសអន្តោប្រវេសន៍ចំនួន២៩នាក់ ស្រី៤នាក់ សុទ្ធតែជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៧នៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានអោយដឹងថា ជនជាតិ វៀតណាម១៥នាក់និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ បើមិនមានទេនោះនិងត្រូវបណ្តេញចេញទៅប្រទេសដើមវិញ ពោលគឺអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេស កម្ពុជា ប៉ុន្តែមុននិងបញ្ជូនទៅប្រទេសដើមវិញសមត្ថកិច្ចជំនាញបានអញ្ជើញមន្ត្រីស្ថានទូតវៀតណាមមកទទួលយកទើបបំពេញបែបបទបញ្ជូនទៅប្រទេសវៀតណាម។ចំណែកជនជាតិវៀតណាមចំនួន១៤ដែលមានឯកសារគ្រប់គ្រាន់ស្របតាមគោលការច្បាប់អន្តោប្រវេសន៍ត្រូវបានឲ្យត្រឡប់ទៅវិញ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសុំឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង៕ សណ្តោស
...