អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ ៧០-៨០លានដុល្លារអាមេរិក។
ក្រៅពីការជប់លៀង ក្រុមប្រជាពលរដ្ឋដែលធ្លាប់បានផ្ញើជីវិត នៅក្នុងអគារដ៏ចំណាស់ កណ្ដាលរាជធានីភ្នំពេញមួយនេះ អស់រយៈពេលជាង ៣០ឆ្នាំ មកហើយនោះ ក៏នឹងធ្វើពិធីតាមប្រពៃណីសាសនា ដោយមានការនិមន្តព្រះសង្ឃប្រមាណ ៥០អង្គ សូត្រមន្តរាប់បាត្រ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនពីម្ចាស់ទឹកម្ចាស់ដី ឲ្យតាមថែរក្សាពួកគេនៅពេលទៅរស់នៅកន្លែងថ្មី។
គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» កំពុងទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលនានា ទៅលើដំណោះស្រាយ ក្រោមកិច្ចសម្របសម្រួលរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដែលពោរពេញទៅដោយសិល្បៈ ធ្វើឲ្យគ្រប់ភាគីទាំងអស់ទទួលបាននូវប្រយោជន៍ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ ព្រមចាកចេញទាំងស្នាមញញឹម។
ផ្ទុយពីគម្រោងនេះ គម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងរាជធានីភ្នំពេញ គេតែងតែសង្កេតឃើញថា បានបន្សល់នូវការតវ៉ា និងដំណក់ទឹកភ្នែករបស់ប្រជាពលរដ្ឋ ដែលស្ថិត ឬរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។
ជាការកត់សម្គាល់មួយទៀត លោក ជា សុផារ៉ា ក្រោយពេលបានចូលមកកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីអំឡុងខែមេសា ឆ្នាំ២០១៦នោះ ជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណី នៅក្នុងរាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋ និងក្រុមអ្នកមានលុយ និងអំណាច ក៏ត្រូវបានដោះស្រាយបញ្ចប់ផងដែរ៕