ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៧។ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ នេះថា សវនាការនេះនឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានាលើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូងដោយសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល ១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល ២ ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល៣,៥ថ្ងៃ។អង្គជំនុំជម្រះសាលាដំបូងនឹងទុកពេលវេលាមួយថ្ងៃសម្រាប់ការធ្វើសេចក្តីសន្និដ្ឋានតបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារណាបញ្ចប់កិច្ចពិភាក្សាដេញដោល លើអង្គហេតុនៅក្នុងសំណុំរឿង ០០២/០២ ដែលបានដាក់ជូនអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង និងសហព្រះអាជ្ញាអន្តរជាតិលោក នីកូឡា គុំជាន បានលើកឡើងថា ដោយសារតែពិចារណាឃើញអំពីភាពធ្ងន់ធ្ងរ នៃអំពើឧក្រិដ្ឋកម្មដែលបានបង្កនូវភាពរងទុក្ខវេទនា ខ្លោចផ្សារសម្រាប់ប្រជាជាតិទាំងមូល បង្កឱ្យមានការ ស្លាប់ជីវិតមនុស្សជាច្រើនលាននាក់ គឺព្រះរាជអាជ្ញាសូមស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន។ នេះគឺជាការស្នើសុំឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតជាលើកទី២ បន្ទាប់ពី នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿង ០០២/០១លើឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់សាលក្រមអង្គជំនុំជម្រះ សាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែកសម្រាប់ក្រុមមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើងនៅក្នុងសារណារបស់ខ្លួនថាគាំទ្រចំពោះអ្វី ដែលសហព្រះរាជអាជ្ញាលើកឡើង និងស្នើឱ្យអង្គជំនុំជម្រះពិនិត្យលើអង្គច្បាប់ចំពោះអ្វីដែលសហព្រះរាជអាជ្ញាបានលើកឡើង។ ជាមួយគ្នានេះ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឱ្យទទួលស្គាល់នូវការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះនិងព្រម ទាំងសម្រេចផ្តល់សំណង ក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។
រីឯក្រុមមេធាវីការពារក្តី នួន ជា និងខៀវ សំផន តាមឯកសារដែលបានលេចធ្លាយកន្លងមក បានលើកឡើងថា កូនក្តីរបស់ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលកើតឡើងឡើយ និងបានស្តីបន្ទោសទៅលើវៀតណាម ដែលធ្វើឱ្យការកសាងប្រទេសមួយរបស់ខ្មែរក្រហមឱ្យទៅជារដ្ឋមួយឯករាជ្យ និងវិបុលសុខត្រូវ បានបរាជ័យ។ ក៏ដូច ក្រុមមេធាវីនួន ជា ដែរ ក្រុមមេធាវីខៀវ សំផន បានថ្លែងថាកូនក្តីរបស់ខ្លួនគួររកឃើញថាមិនមានកំហុសចំពោះបទឧក្រិដ្ឋកម្មដែលបានចោទ ប្រកាន់ដោយស្នើឱ្យអង្គជំនុំជម្រះសាលាដំបូងទម្លាក់ការចោទប្រកាន់ប្រឆាំងកូនក្តីខ្លួន។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា សវនាការសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ មានរយៈពេល ៨ ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿងដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលពេលវេលា សមស្របខាងមុខ ៕