ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេបាសាក់មកទើរក្បែរស្ពានព្រែកសំរោងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេបាសាក់ មកទើរនៅខាងមុខវត្តព្រែកសំរោង ក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅស្រង់សាកសពជនរងគ្រោះឡើងមកលើគោក ដើម្បីធ្វើការត្រួតពិនិត្យ ។
ប្រភពដដែលបានបន្តថា សាកសពអណ្តែតទឹកខាងលើនេះមិនទាន់ស្គាល់អត្តសញ្ញានោះទេ សពមានភិនភាគដូចខាងក្រោម៖ ភេទប្រុស ,អាយុប្រហែល៣៥ឆ្នាំ កម្ពស់១.៧០ម៉ែត្រ ,ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ទឹកប៊ិច ,ពាក់អាវដៃវែង ពណ៌ពងក្រសាខ្ចី ,សក់ក្បាលទើបកាត់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្របានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យអាជ្ញាធរសង្កាត់ក្រុងតាខ្មៅ ចាត់ចែងបូជាយកធាតុទៅរក្សាទុកក្រែងលមានសាច់ជាតិបានដឹងមកទទួលយកនៅពេលក្រោយ ៕ស្អាងជ័យ