ភ្នំពេញ ៖ បន្ទាប់ពីចូលជ្រកក្រោមផលិតកម្មហង្សមាសមិនបានប៉ុន្មានផងអ្នកមេម៉ាយចាយរាងសុខស្រីនាងត្រូវបានគេទម្លាយថាទទួលបានឱកាសដ៏សម្បើមជាច្រើនបន្តបន្ទាប់គ្នាទាំងបទច្រៀងថ្មីៗនិងតំណែងជាតួឯកក្នុងរឿងភាគបុរាណមួយរបស់ផលិតកម្មនេះ។
សុខ ស្រីនាង បានទម្លាយភាពស្ងប់ស្ងាត់ជាមួយបទថ្មី“ហត់ទេស្រលាញ់គេម្នាក់ឯង?” ដែលកំពុងទាញបានការគាំទ្រនៅលើកបណ្តាញទំនាក់ទំនងសង្គម។មិនតែប៉ុណ្ណោះមានដំណឹងថាស្រីនាងកំពុងត្រូវបានហង្សមាសលើកស្ទួយបន្ថែមទៀតដោយគ្រោងឱ្យនាងចូលសម្តែងជាតួអង្គសំខាន់នៅក្នុងខ្សែភាពយន្តភាគបុរាណមួយដែលត្រៀមចេញថតក្នុងពេលឆាប់ៗនេះ។
តាមប្រភពថាហង្សមាសកំពុងយកចិត្តទុកដាក់លើកស្ទួយស្រីនាងពេញទំហឹងពោលគឺក្រៅពីសម្រុកធ្វើបទស្នាដៃថ្មី (Original Song) ឱ្យនាងទាញសំឡេងគាំទ្រហើយនោះថែមទាំងឱ្យនាងគ្រងតំណែងជាតួអង្គសំខាន់មួយរូបនៅក្នុងភាពយន្តភាគបុរាណទៀតផង។រឿងនេះនាងក៏នឹងសម្តែងរួមគ្នាជាមួយតារាចម្រៀងរួមទ្រនំរស្មីហង្សមាសសុគន្ធនិសាផងដែរ។គេមិនអាចទាក់ទងសុំការបំភ្លឺពីតារាចម្រៀងរូបស្រស់សុខស្រីនាងនិងខាងក្រុមហ៊ុនរស្មីហង្សមាសបានទេ។
ទោះជាយ៉ាងណាមានការលើកឡើងដែរថាការលើកស្ទួយសុខស្រីនាងព្រោះនាងមានភាពអំណោយផលច្រើនទាំងសំឡេងនិងរូបសម្រស់។ភាពយន្តថ្មីរបស់នាងនឹងចេញថតនៅពេលដ៏ខ្លីខាមុខនេះ។កន្លងមកសុខស្រីនាងក៏ធ្លាប់ដណ្តើមបានការគាំទ្រតាមរយៈការសម្តែងភាពយន្តរឿង“វិញ្ញាណបិសាចជញ្ជក់ឈាម”ដែលនាងសម្តែងប៉ះជាមួយតារាចម្រៀងលោកខេមរៈសិរីមន្តគ្រាដែលនាងនៅផលិតកម្មសាន់ដេ។
ការបង្ហាញវត្តមានជាមួយនឹងបទចម្រៀងថ្មី និងស្នាដៃសម្តែងនេះត្រូវបានគេរំពឹងថានាងអាចស្រូបទាញការចាប់អារម្មណ៍ជាថ្មីពីទស្សនិកជនឡើងវិញផងដែរក្រោយពីស្ងប់ស្ងាត់មួយរយៈពេលខ្លី៕ វឌ្ឍនា