ភ្នំពេញ ៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមទទួលស្គាល់នូវការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះនិងព្រម ទាំងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថាមានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។ ការស្នើសុំនេះត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧។
មេធាវីការពារក្តីជនរង គ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើក ឡើងថា ផែនការទាំងនេះត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និងខៀវ សំផន។
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧។
ជនជាប់ចោទ នួន ជា មានអាយុ ៩១ ឆ្នាំ និង ខៀវ សំផន មានអាយុ ៨៦ ឆ្នាំ បានបង្ហាញវត្តមាននៅក្នុងសាលសវនាការ ដោមាន ការចូលរួមទស្សនពីសាធារណជនប្រមាណ ៦០០ នាក់មកពីខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។ សវនាការនេះនឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូងដោយសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល ១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល ២ ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល ៣,៥ ថ្ងៃ។
អង្គជំនុំជម្រះសាលាដំបូងនឹងទុកពេលវេលាមួយថ្ងៃសម្រាប់ការធ្វើសេចក្តីសន្និដ្ឋានតបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងពេលវេលាមួយថ្ងៃដែលខ្លួនទទួលបាន ក្រុមមេធាវីការពារក្តីបានបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសង្ខេបនូវសក្ខីកម្មរបស់ពួកគាត់ទាក់ទងនឹងជនរងគ្រោះក្នុងអង្គហេតុសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ ការ រៀបការដោយបង្ខំ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងអង្គហេតុផ្សេងទៀតនៅក្នុងសំណុំរឿង ០០២/០២។
នៅចុងបញ្ចប់នៃសារណាផ្ទាល់មាត់របស់ខ្លួន សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក៏បានដាក់ ស្នើសុំការទទួលស្គាល់ពីគម្រោងសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី។ សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បេណី លោក ពេជ អង្គ និងលោកស្រី ម៉ារី ហ្គីរូ បានថ្លែងថា គម្រោងសំណងទាំងអស់ដែលស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងទទួលស្គាល់គឺសម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមទាំងអស់។គម្រោងចំនួន ២៦ ត្រូវបានបង្កើតឡើង ក្នុងនោះគម្រោងចំនួនប្រាំត្រូវបានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ចំណែកគម្រោង ២១ ផ្សេងទៀតបានទទួលការឧបត្ថម្ភថវិកា តាមរយៈប្រភពថវិកាពីស្ថាប័នខាងក្រៅ។
គម្រោងសំណងទាំងនោះផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ ហើយគម្រោងភាគច្រើនអាចអនុវត្តបាន និងមានហិរញ្ញវត្ថុគ្រប់គ្រាន់។ ក្នុងករណីដែលជនជាប់ត្រូវបានរកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និងត្រូវបានផ្តន្ទាទោស អង្គជំនុំជម្រះសាលាដំបូង អាចសម្រេចឲ្យមានសំណងផ្លូវចិត្ត និងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសាលក្រម ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា សវនាការសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ មានរយៈពេល ៨ ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿងដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលពេលវេលា សមស្របខាងមុខ ៕