ក្រុងបាវិត ៖ ក្រុមអ្នករត់ការឯកសារ ទំនិញបង់ពន្ធនាំចូល និងទំនិញវិនិយោគនាំចូលជាច្រើននាក់បានទម្លាយពីសកម្មភាពអំពើពុករលួយដ៏ធ្ងន់ធ្ងរប្រព្រឹត្តដោយ សមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកអន្តរជាតិ បាវិត ខេត្តស្វាយរៀង ។
ពួកគាត់បានលើកឡើងថា ៖ប្រសិនបើថ្នាក់លើ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយមិន មានវិធានការកែទម្រង់ ឬលុបបំបាត់ទេនោះ មិនត្រឹមតែអ្នកវិនិយោគទុន និងអ្នក រកស៊ីបង់ពន្ធរិះគន់ប៉ុណ្ណោះទេ អំពើពុករលួយជាទម្លាប់ដ៏អាក្រក់មួយនេះ បាននឹងកំពុងជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់មកលើ សាមីស្ថាប័នរបស់សមត្ថកិច្ចដែលមាន ភារកិច្ច តួនាទី ចុះបំពេញការងារតាមអនុក្រឹត្យនៅច្រកអន្តរជាតិមួយនេះមិនខាន ។
ពួកគាត់បានបញ្ជាក់យ៉ាងលម្អិតប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ រាល់ទំនិញនាំ ចូលបង់ពន្ធត្រឹមត្រូវដូចជាប្រភេទ ខ្សែកាប្លិ៍ សំបកកំប៉ុង ភេសជ្ជៈគ្រប់ប្រភេទ ខ្សែភ្លើង ឡាំតាំ (ទំនិញចម្រុះ)។ល។ក៏ប្រឈមទៅនឹង ការចំណាយប្រាក់សម្រាប់បង់របៀបពុករលួយ ក្រោមតុ ក្នុងមួយទូកុងតឺន័រ ឬមួយឡាន ត្រូវបង់អស់ចំនួន១២០-១៣០ដុល្លារ សម្រាប់សមត្ថកិច្ចគ្រប់ស្ថាប័ន ។ ក្នុងនោះ ការបង់លុយរួមមាន ៖ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកយកសេវា ១ទូ ឬ១រថយន្ត១០ដុល្លារ ,ស្នាក់ការកណ្តាលរបស់ខេត្តប្រចាំច្រក ១ទូឬ១រថយន្ត យកសេវា ២-៣ដុល្លារ ,នគរបាលសេដ្ឋកិច្ចក្រសួង មហាផ្ទៃ ១ទូ៣ដុល្លារ ។ បញ្ហានគរបាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក៏ត្រូវបានក្រុម អ្នករត់ការរិះគន់ថា ស្ថាប័នមួយនេះមិនមាន តួនាទី នៅក្នុងអនុក្រឹត្យ មកឈរជើងនៅច្រកអន្តរជាតិបាវិតនេះទេ ។ ចុះហេតុអ្វី ក៏ ឆ្លៀតមករាប់ក្បាលរថយន្តដឹកទំនិញយក ប្រាក់ទៅវិញ ?
ពួកគាត់បន្តថា បើតាមការឲ្យដឹងពីសមត្ថកិច្ចខ្លះនិយាយថា នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃត្រូវបានអគ្គស្នងការនគរបាលជាតិឲ្យត្រឡប់មកកាន់ក្រសួង ទាំងអស់ពីតាមបណ្តាខេត្ត តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧មកម៉្លេះ ហើយលោក ឧត្តមសេនីយ ឆាយ គឹមខឿន នាយសេនាធិការអគ្គស្នងការនគរបាលជាតិ ក៏ធ្លាប់ មានប្រសាសន៍កន្លងទៅយ៉ាងដូច្នេះផងដែរថា “សូមជម្រាបជូនដល់អស់លោក ស្នងការរាជធានី-ខេត្ត មេត្តាជ្រាបថា តាមបញ្ជានាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមឲ្យអស់លោក រាយការណ៍ មកភ្លាម ថាតើកម្លាំងរបស់នគរបាលសេដ្ឋកិច្ចក្រសួងទាំងអស់ ដែលបានចុះតាម បណ្តាខេត្តបានដកមកវិញអស់ឬនៅ? លោកបន្តថា បើសិនមិនបានដកទេ ត្រូវហៅមកព្រមាន នឹងចាប់បង្ខំឲ្យដក បើមិនព្រមដកប្រើប្រាស់កម្លាំងបទបញ្ជារបស់ខេត្ត នាំខ្លួនមកស្នងការ។
ផ្ទុយទៅវិញ ហេតុអ្វីក៏មានវត្តមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងចាំ រាប់ក្បាលរថយន្តដឹកទំនិញនៅ ច្រកអន្តរជាតិបាវិត? អ្នករត់ការ ត្រូវបង់លុយទៅខាង អាស៊ីកូដា ផ្នែកបញ្ចូលទិន្នន័យ ១ឯកសារ ២៥ទៅ៣០ដុល្លារ ប៉ុន្តែការបង់ប្រាក់នេះ អាចជាលក្ខណៈស្របច្បាប់ (បង់ពន្ធជូន រដ្ឋ) ,ខាងកាំកុងត្រូល ក៏មានវប្បធម៌យកលុយដូចគ្នាដោយរាប់ក្បាលរថយន្ត ១រថយន្ត៥- ១០ដុល្លារ ក្នុងនោះគេក៏បង្កើតសេវាបញ្ចុះ តម្លៃផងដែរ ។ ប្រសិនបើឯកសារ១ទូយក សេវា២៥មុឺនរៀល បើ១ឯកសារមានចំនួន៣ ទូ គេគុណនឹង១៥ម៉ឺនរៀល តែបើ១ឯកសារមាន៥ទូ ខាងកាំកុងត្រូលគិតតម្លៃ សេវា១ទូដំបូង២៥ម៉ឺនរៀល ហើយទូ៤ ទៀតត្រូវគុណនឹង១៥ម៉ឺនរៀល ,បង់ឲ្យទៅខាង PPF ១ទូ១៥ដុល្លារ ទាំង បង្កាន់ដៃបង់ពន្ធទំនិញនាំចូល ក៏ដូចទំនិញវិនិយោគនាំចូល ,មន្រ្តីកាំកុងត្រូល ផ្នែកត្រួតពិនិត្យ ១ទូ៥ដុល្លារ ។
ក្រុមអ្នករត់ការបានបង្ហើបទៀតថា ក្រៅ ពីសេវាក្រោមតុសម្រាប់សមត្ថកិច្ចគ្រប់ ស្ថាប័ននៅច្រកអន្តរជាតិបាវិតដូចបញ្ជាក់ខាងលើនោះហើយ ពួកគាត់ក៏ត្រូវបង់ទៅ ខាងគយចល័តមានចំនួន៣-៤កន្លែង លើ កំណាត់ផ្លូវជាតិលេខ១បន្ថែមទៀត ឈរជើងក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ,ព្រៃ វែង និងខេត្តកណ្តាល ក្នុង១កន្លែងៗយក ១ទូតម្លៃ ២០-៣០ដុល្លារ (សេវាឲ្យបង់ តាមទំនើងចិត្តពួកគេទារលើបបូរមាត់) ។
ក្រុមអ្នករត់ការបានសំណូមពរឲ្យខាងថ្នាក់លើពាក់ព័ន្ធ មេត្តាពិនិត្យលើបញ្ហាទាំង អស់នេះ ព្រោះជាកម្មវត្ថុធំធេងណាស់ ដែល ធ្វើឲ្យរដ្ឋបាត់ចំណូលពន្ធ ហើយសេដ្ឋកិច្ច មួយចំនួនធ្លាក់ទៅលើមន្រ្តីពុករលួយ ក្នុងនោះក៏បានប៉ះពាល់យ៉ាងធ្ងន់ដល់ស្ថាប័នសាមីអង្គភាពនីមួយៗ ។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរដ្រេហ្គន »មិនអាចទាក់ទងបានទេ ទៅកាន់សមត្ថកិច្ចគ្រប់ស្រាប័នប្រចាំច្រកអន្តរជាតិបាវិត នាសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែក្រុមអ្នករត់ការមានរំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹង អាចចុះអង្កេតស្រាវជ្រាវ ក្នុងរឿងមិនប្រក្រតី ខាងលើនេះ ៕
ដោ៖ ល័ក្ស្មុី