ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញ ស្ករកៅស៊ូដាប់ប៊ែលមីន មួយកន្លែង ត្រូវបានព្រះអគ្គីឆាបឆេះបំផ្លាញខូចខាតទ្រព្យសម្បត្តិអស់ជិតពាក់កណ្តាលមានទីតាំងស្ថិតនៅម្តុំខាងក្រោយសាលាភ្នំពេញថ្មី ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីវេលាម៉ោង១២ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ប៉ុន្តែត្រូវបាននគរបាល ខាងពន្លត់អគ្គីភ័យជួយអន្តរាគមន៍ពន្លត់បានជោគជ័យ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ពួកគាត់បានឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីចំណុចកើតហេតុបង្ករឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះ ក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ ដោយពុំដឹងថា វាកើតឡើងដោយសារមូលហេតុអ្វីនោះទេ។
តាមប្រភពពត៌មានពីក្រុមបុគ្គលិកក្រុមហ៊ុន បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានឮសូរសម្លេងផ្ទុះ នៅក្នុងឃ្លាំងផ្ទុកទំនិញនោះ បន្ទាប់មកក៏ស្រាប់តែមានផ្សែងភ្លើងឆាបឆេះ ចេញពីទីនោះតែម្តង ។
ប៉ូលិសបានសន្និដ្ឋានដោយសង្ស័យថា គ្រោះអគ្គីភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ឬទុហ្សេខ្សែភ្លើង ពុំមានអ្នកណាបង្ករអោយឆេះនោះទេ ហើយថា វាបានរលត់ទៅវិញដោយសារមានអន្តរគមន៍ពីកងកម្លាំងនគរបាលពន្លត់អគ្គីភ័យប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៩គ្រឿង ។
លោក ជា ម៉េងថា តំណាងម្ចាស់ទីតាំងបានអោយដឹងថា នៅក្នុងគ្រោះមហន្តរាយដោយអគ្គីភ័យនេះបានធ្វើអោយខូចខាតទ្រព្យសម្បត្តិអស់ប្រហែលជាង៣០ភាគរយ និងបានអរគុណចំពោះកងកម្លាំងសមត្ថកិច្ចផងដែរបានជួយពន្លត់ ៕