ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋដែលប្រកបមុខរបរផ្នែកកសិឧស្សាហ៍កម្មនៅតាមស្រុកស្រែចំការ ទីជនបទដាច់ឆ្ងាយពី ខេត្តពួកគាត់បានលើកឡើងថា ការបង្កបង្កើតផលដាំដំណាំសណ្តែកបាយនៅក្នុងឆ្នាំនេះទទួលបានផលល្អប្រសើរ ប៉ុន្តែតម្លៃហាងឆេងចុះថោក ពិបាកក្នុងការរកទីផ្សារលក់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចព្រៃស្លឹក ស្ថិតនៅក្នុងភូមិទាល់ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
តាមការរៀបរាប់ពីប្រជាកសិករឈ្មោះ រុំ សាវួន ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តកំពង់ចាម ។ បច្ចុប្បន្ននេះមករស់នៅក្នុងភូមិ-ឃុំខាងលើបានប្រាប់ពីហេតុផលលើកឡើងថា ក្នុងការប្រមូលកសិផលមាន ដូចជា សណ្តែកបាយ សណ្តែកសៀង ដំឡូងមី ស្រស់និងគ្រៀម ជាដើម ។ ពួកគាត់តែងតែធ្វើការដឹកជញ្ជូនតាម គោយន្តកន្ត្រៃនិងឌុបតាមម៉ូតូ យកមកលក់នៅទីផ្សារម្តងៗជូនកាលលក់ឱ្យឈ្មួញកណ្តាល និងខ្លះទៀតលក់ឱ្យ ថៅកែឈរចាំទិញនៅតាមផ្ទះ ក្នុងខេត្តស្ទឹងត្រែង គេឱ្យថ្លៃសណ្តែកបាយលេខ១ក្នុងតម្លៃ១គីឡូក្រាម៣៥០០ រៀល ។
ដោយឡែកចំពោះសណ្តែកបាយលេខ២វិញគេឱ្យតម្លៃក្រោម៣២០០រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម។ ចាប់តាំង ពីថ្ងៃដែលបោះឆ្នោតរួចមកនេះ ស្រាប់តែតម្លៃសណ្តែកបាយធ្លាក់ចុះល្អ លេខ១ក្នុង១គីឡូក្រាមលក់បានតែ ២០០០រៀល ។ អ៊ីចឹងគាត់ថា មិនរួចថ្លៃជួលកម្មករ ជួលត្រាក់ទ័រភ្ជួរាស់ ដីនិងថ្លៃបាញ់ថ្នាំការពារសត្វល្អិតផង បើព្រៀបធៀបទៅឆ្នាំមុនៗនិងឆ្នាំនេះគឺតម្លៃខុសគ្នាច្រើនណាស់ ។
ជុំវិញក្នុងរឿងនេះ លោក អួនសុខា ប្រធានស្តីទីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ខាងក្រសួង គេ មានគោលការណ៍ហើយខាងមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងយើង បានខិតខំដោះស្រាយអំពីបញ្ហារកទីផ្សារ ។ ប៉ុន្តែដំណាំកសិកម្មរបស់យើងហ្នឹង វាទាក់ទិនទៅនិងហាងឆេងនៅលើទីផ្សារអន្តរជាតិវាធ្លាក់ចុះ ។លោកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះលោកបានទៅប្រជំុ តាមសហគមន៍ ដែលមាននៅតាមស្រុកស្រែចំការទីជនបទដាច់ស្រយាល ឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ។ ដោយសារបច្ចុប្បន្ននេះយើងកំពុងជួបនិងបញ្ហាមានក្រុមឈ្មួញកណ្តាលបានដើរទិញដំណាំកសិកម្មរបស់ប្រជាពលរដ្ឋហ្នឹង ទំលាក់ថ្លៃឱ្យតម្លៃថោក ក្នុងនោះមានអ្នកខ្លះដាំដំណាំបានហើយ ខ្វះមធ្យោបាយដឹកជញ្ជូនយកទៅលក់ទៀត ៕ ដោយ ៖ មាស សុផាត