ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានអគ្គីភ័យមួយបានឆាប់ឆេះផ្ទះហាងលក់ទូរស័ព្ទ យីហោ “អាយខេស” បណ្ដាលឲ្យអ្នកជិតខាងនាំគ្នារត់ចែកជើង ខ្លះរត់ទៅយកទុយោទឹកមកបាញ់ ខ្លះទៀតទូរស័ព្ទ ហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរគមន៍របស់នគរបាលខណ្ឌទួលគោក ចេញមកបាញ់ទាន់ពេលវេលាមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកដទៃទៀត ។
ករណីអគ្គិភ័យឆេះផ្ទះខាងលើនេះ បានកើតឡើងកាលពីវលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាជា ស៊ីម សន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម (ផ្លូវលេខ១២៨) សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ជាន់ទី១ នៅក្នុងផ្ទះលក់ទូរស័ព្ទ យីហោ “អាយខេស” ភ្លាមនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីមកជួយអន្តរាគមន៍ចំនួន៣គ្រឿង ធ្វើការបាញ់ពន្លត់ ចំណែករថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនប្រេងឥន្ទៈសូគីម៉ិច១គ្រឿង និងអង្គភាពកងពលតូចង៧០ ចំនួន២គ្រឿង មកដែរ ប៉ុន្តែមិនបានបាញ់នោះទេ គឺភ្លើងបានរលត់ទៅវិញភ្លាមៗដែរ ។
គួរបញ្ជាក់ផងដែរថា ករណីអគ្គីភ័យនេះបានរងការខូចខាតសម្ភារៈ អស់ប្រហែល៥០% និងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយមូលហេតុនៃការឆេះនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ស តារា
...