ភ្នំពេញ៖ លោកឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារបានចុះដោះស្រាយទំណាស់រវាងអាជីវករ និងម្ចាស់កុងសីុកាប់គោដែលមានទីតាំងនៅភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វារដែលអាជីវករទាមទារ១០ចំណុច ហើយទទួលលទ្ធផល៨០ភាគរយហើយ កាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ នៅក្នុងទីសត្តឃាត ដែលមានទីតាំងនៅភូមិដើមគ ផ្លូវទន្លេសាប ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ ។

លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានជួយដោះស្រាយម្តងមួយៗចំណុចដោយបានសង្កត់ធ្ងន់ទៅលើម្ចាស់សត្តឃាតពីអនាម័យបរិស្ថាន សន្តិសុខ និងបញ្ហាមួយចំនួនទៀតដូចជាការតំឡើងថ្លៃដោយគ្មានការកំណត់និងយកលុយពីកន្លែងកាប់ចំនួន200$ក្នុងម្មាក់ៗ ។
លោកបានសំណូមពរទៅលោកហយ ហ៊ាង ថៅកែកុងសីុកាប់គោ ក្របីឲ្យជួយសម្រួលរាល់ការទាមទាររបស់អាជីវករដើម្បីងាយស្រួលបញ្ចប់បញ្ហាទាំងអស់នេះ។ ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌបានកំណត់ទីតាំងសត្តឃាតនេះឲ្យដំណើរការបានតែរយៈពេលមួយឆ្នាំទៀតតែប៉ុណ្ណោះ គឺចាប់គិតពីថ្ងៃទី១ខែតុលាឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ដោយលោកបានលើកហេតុផលថាតំបន់ជ្រោយចង្វារនេះជាតំបន់អភិវឌ្ឍន៍ ដូច្នេះហើយមិនត្រូវឲ្យមានទីសត្តឃាតនៅជិតតំបន់នោះទេ ។
លោកហយ ហ៊ាង ម្ចាស់ទីតាំងទីសត្តឃាតបានមានប្រសាសន៍ថា រាល់ការសំណូមពរទាំងអស់នេះ លោកបានយល់ព្រមតាមការទាមទាររបស់អាជីវករ និងលោកអភិបាលខណ្ឌ ។ ម្ចាស់កុងសីុបន្តថា អាជីវករមួយចំនួនដែលមកតវ៉ានេះមិនមែនជាអាជីវករកាប់គោនៅក្នុងកុងសីុនេះទេ ហើយក្រុមអាជីវករ ក៏បានសំណូមពរទៅលោកអភិបាលខណ្ឌ និងលោកប្រធានមន្ទីរកសិកម្មផងដែរថា សូមបើកកុងសីុកាប់គោមួយទៀត ។
លោកអភិបាលខណ្ឌ បានពន្យល់ណែនាំទៅក្រុមអាជីវករថា នៅតំបន់ជ្រោយចង្វារ គឺជាទីតាំងកំពុងអភិវឌ្ឍន៍ ដូច្នេះហើយមិនត្រូវមានកុងសីុកាប់គោច្រើនលើសពី២បានទេ ពីព្រោះថាទីតាំងទីសត្តឃាតនេះវាមានក្លិនស្អុយខ្លាំងណាស់ មិនអាចឲ្យមានច្រើនទីតាំងបានទេ តែលោកយល់ព្រមឲ្យក្រុមអាជីវករបើកកុងសីុកាប់គោមួយទៀតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែត្រូវមានទីតាំងដីចាប់ពី ២ហិកតាឡើងទៅ ហើយត្រូវមានលក្ខណៈស្តង់ដា និងអនាម័យ បរិស្ថាន កុំឲ្យមានជះក្លិនស្អុយប៉ះពាល់ទៅដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលគាត់រស់នៅក្បែរទីតាំងនោះទៅបានហើយ ៕
...
ដោយ៖ ជ្រោយពេជ្រ