ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានចុះរុះរើរបង និងផ្ទះ ប្រជាពលរដ្ឋរំលោភយកដី ដើម្បីដាំកូនឈើឡើងវិញនៅក្នុងតំបន់១ នៃរមណីយដ្ឋានអង្គរ ។ កន្លងទៅអាជ្ញាធរអប្សរា បានអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាអភិរក្សមរតកដូនតា តែមានក្រុមកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរនេះដដែល។ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ មានក្រុមជនខិលខូចមួយក្រុមបានហ៊ុំព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់ពីក្រុមការងារចម្រុះដែលមានភ្នាក់ងារការពារព្រៃឈើ ក្រុមឧទ្យាននុរក្ស ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានប្រទះឃើញ ក្រុមជនខិលខូចមួយចំនួនបានមកហ៊ុំព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ទើបមន្រ្តីអប្សរាសុំគោលការណ៍ពីថ្នាក់លើចុះ ហាមឃាត់ និង រុះរើតែម្ដង។ក្នុងសកម្មភាពទប់ស្កាត់នេះ ក្រុមការងារបានជួបនឹងការរារាំងពីសំណាក់ជនបង្ក៤នាក់ ដែលអាងខ្សែខ្នង ព្រមទាំងប្រើសម្តីមិនសមរម្យលើក្រុមការងារ និងអ្នកយកព័ត៌មាន ដោយចោទថា បានរំលោភបំពានដីរបស់ពួកគេ ហើយគំរាម ប្តឹងទៅតុលាការថែម ។
បើតាមរបាយការណ៍របស់មន្រ្តីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយមានការជជែកគ្នាបានមួយសន្ទុះមក ក្រុមជនបង្ក ទាំង៤នាក់ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។ ចំណែកក្រុមការងារចម្រុះវិញ ក៏បានបន្តការរុះរើរបង និងខ្ទមយាមដីចេញ ព្រមទាំងដាំកូនឈើឡើងវិញនៅទីនោះបានចំនួន៥០០ដើមផង ៕ ប៊ុន រិទ្ធី